វៀតណាម ដាក់គោលដៅដណ្តើមជើងឯក AFF Suzuki Cup ដូចកាលឆ្នាំ២០០៨!

នូ មករា November 4, 2018


វៀតណាម៖ ខណៈដែលការប្រកួត​ពាន AFF Suzuki Cup 2018 កាន់តែខិតចាប់ផ្តើមជាផ្លូវការនោះ ក្រុមជម្រើសជាតិទាំង ១០ដែលត្រូវប្រកួតប្រជែងគ្នាក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍នេះបានខិតខំហ្វឹកហាត់ក៏ដូចជាត្រៀមខ្លួនយ៉ាងល្អជាមួយនឹងគោលដៅឈ្នះរៀងៗខ្លួន ។ ជាមួយគ្នានេះដែរ ក្រុមជម្រើសជាតិវៀតណាមដែលស្ថិតនៅក្នុងពូល A ជាមួយកម្ពុជាដែលនោះក៏បានប្តេជ្ញាចិត្តថា មិនបណ្តោយឱ្យពានរង្វាន់ជើងឯករសាត់បាត់ដោយងាយៗឡើយ ខណៈដែលក្រុមខ្លាំងមួយនេះប្រាថ្នានាំយកក្តីរីករាយដែលពួកគេធ្លាប់ទទួលបានកាលពីឆ្នាំ២០០៨ ត្រលប់មកវិញ ព្រោះប្រជាជាតិកុម្មុយនីស្តមួយនេះខកខានគ្រងជើងឯកពាន AFF Suzuki ប្រមាណជា ១០ឆ្នាំមកហើយ ។

កីឡាករ Nguyen Quang Hai ដែលកំពុងបង្ហាញភាពលេចធ្លោទាំងក្នុង និងក្រៅប្រទេសរបស់ខ្លួនបានលើកឡើងថា៖ “ជ័យជម្នះកាលឆ្នាំ២០០៨ វាបានដក់ជាប់ចិត្តរបស់ពួកយើងហើយយើងប្រាថ្នាបង្កើតភាពរីករាយនេះម្តងទៀត វាពិតជាសមិទ្ធិផលដ៏អស្ចារ្យមួយសម្រាប់ប្រជាជន និងប្រទេសរបស់យើង” ។ ខ្សែបម្រើកណ្តាលរូបនេះបានបន្ថែមថា៖ “កាលណោះខ្ញុំគ្រាន់តែជាកីឡាករ័យក្មេងម្នាក់ប៉ុនណោះ ប៉ុន្តែឥលូវខ្ញុំ និងមិត្តរួមជំនាន់នោះបានឡើងមកលេងតំណាងឱ្យជាតិម្តង ដូចនេះនៅមានគោលដៅជាច្រើនទៀតដែលខ្ញុំចង់ធ្វើឱ្យបាន!”

កីឡាករវ័យក្មេងនេះបានបញ្ជាក់ថា៖ “វៀតណាមមានឱកាសក្នុងការវិលទៅរកចំណុចកំពូលរបស់ខ្លួនបាន ព្រោះបើធៀបជាមួយក្រុមខ្លាំង ២ទៀតគឺថៃ និងឥណ្ឌូនេសុី យើងឃើញថាវាមានភាពខ្វះចន្លោះតិចតួចប៉ុនណោះ ហើយយើងប្តេជ្ញាថា នឹងព្យាយាមធ្វើឱ្យបានល្អបំផុតដើម្បីឆ្ពោះទៅរកវគ្គផ្តាច់ព្រ័ត្រ! ពួកយើងបានលត់ដំកាយសម្បទាដើម្បីប្រកួតប្រជែងដោយទំនុកចិត្ត បច្ចេកទេស ហើយនឹងលេងនៅក្នុងកម្រិតខ្ពស់ ឬកំណត់យកគុណភាពជាអតិបរិមាសម្រាប់ព្រឹត្តិការណ៍នេះ” ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិវៀតណាមធ្លាប់បានឈ្នះជើងឯកពាន AFF Suzuki Cup ម្តងកាលពីឆ្នាំ២០០៨កន្លងមក ប៉ុន្តែក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីជនជាតិកូរ៉េខាងត្បូងគឺ លោក  Park Hang Seo ក្រុមវៀតណាមមានភាពប្រែប្រួលគួរឱ្យកត់សម្គាល់ ជាពិសេសក្រុម U23 ទើបតែបានឈ្នះជើងឯករងពាន AFC U23 Championship 2018 ដែលជាការប្រកួតដ៏ធំប្រចាំទ្វីបអាសុី ហើយអតីតត្រូជំនួយក្រុមជម្រើសជាតិកូរ៉េកាលពីព្រឹត្តិការណ៍ ​FIFA World Cup 2002 រូបនេះត្រូវបានប្រជាជនវៀតណាមកោតសរសើរយ៉ាងខ្លាំង ៕

អត្ថបទ៖ មករា

មតិយោបល់