កីឡាករកម្ពុជាកំពុងស្ថិតក្នុងក្រសែភ្នែកក្លឹបក្រៅស្រុក ប៉ុន្តែមានចំណុចខ្សោយខ្លះៗដែលគួរកែតម្រូវ!

នូ មករា November 4, 2018


ថៃ៖ បន្ទាប់ពីកីឡាករសញ្ជាតិខ្មែរ-បារាំង ជារី ចន្ថាប៊ីន បានបង្ហើបឱ្យបណ្តាញព័ត៌មានក្នុងស្រុកដឹងថា រូបគេត្រូវបានក្លឹបនៅលីគកំពូលថៃកំពុងតាមចែចូវរួចមក ប្រភពពីភ្នាក់ងារដោះដូរកីឡាករនៅប្រទេសថៃក៏បានបន្ថែមដែរថា ក្នុងអំឡុងពេលនេះបណ្តាក្លឹបនៅប្រទេសថៃកំពុងមានចំណាប់អារម្មណ៍លើកីឡាករកម្ពុជាមួយចំនួនប៉ុន្តែមិនទាន់ទទួលបានចម្លើយតបនៅឡើយទេដោយសារតែសាមីខ្លួនខ្លះកំពុងមមាញាឹកក្នុងការប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិត្រៀម AFF Suzuki Cup 2018  នៅឡើយ ។

ប្រភពដដែលបានបន្តថា ក្រោយពីកីឡាករ ច្រឹង ពលរដ្ឋ​ ចូលរួមជាមួយក្លឹប Buriram រួចមក ក្លឹបមួយចំនួននៅលីគថៃបានបង្ហាញចេតនាចង់បានកីឡាករកម្ពុជាមកបំពេញកូតាអាស៊ាននៅរដូវកាលឆ្នាំ២០១៩ខាងមុខ ដោយក្នុងនោះក៏រួមមានខ្សែប្រយុទ្ធ កែវ សុខផេង និងសមាជិកវ័យក្មេង ប្រាក់ ធីវ៉ា របស់ក្រុមភ្នំពេញក្រោនផងដែរ ។ យ៉ាងណាក៏ដោយ មកទល់ពេលនេះកីឡាករ ប្រាក់ ធីវ៉ា បានបញ្ជាក់ហើយថា រូបគេចង់នៅលត់ដំខ្លួននៅកម្ពុជាដើម្បីពង្រឹងសមត្ថភាពបន្តទៀតសិនទោះបីទទួលបានសំណើរពីក្លឹប Trat FC និង Chainat Hornbill ក៏ដោយ ។

ចំណែកអតីតប្រធានក្រុមជម្រើសជាតិកម្ពុជា ជារី ចន្ថាប៊ីន ដែលមានក្លឹបថៃ​ ២ កំពុងទាក់ទងនោះមិនទាន់សម្រេចចិត្តទេដោយសារតែរូបគេរង់ចាំការសម្រេចពីក្លឹប Terengganu ថានឹងបន្តកិច្ចសន្យាទៀតឬយ៉ាងណា ។ ចំពោះកីឡាករ កែវ សុខផេង វិញបានថ្លែងដោយខ្លីថា រូបគេក៏មិនទាន់សម្រេចចិត្តបែបណាដែរដោយរង់ចាំដល់ចប់បេសកកម្មនៅ AFF Suzuki ឆ្នាំនេះសិនស្របពេលដែលមានក្លឹបនៅលីគកំពូល និងនៅលីគទី២ថៃ ទាក់ទងមកកាលពីពេលថ្មីៗនេះ ប៉ុន្តែសាមីខ្លួនមិនបានបង្ហាញឱ្យដឹងពីចេតនាចង់ទៅប្រកបអាជីពនៅក្នុងស្រុកម្តងទៀតឬយ៉ាងណាឡើយ ។

គួរបញ្ជាក់ថា ភ្នាក់ងារដោះដូរកីឡាករនៅតំបន់អាស៊ានមួយរូបដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេសុីបានថ្លែងថា មានកីឡាករកម្ពុជាជាច្រើនដែលមានសក្តានុពលអាចទៅលេងនៅក្រៅស្រុកពិសេសនៅលីគម៉ាឡេសុី និងថៃ ប៉ុន្តែពួកគេច្រើនតែប្រឈមនឹងការលំបាកលើការប្រើប្រាស់ភាសាបរទេស និងកាយសម្បទា ឬកម្លាំងស៊ុហ្វជាដើម ។ ដូចនេះ វាពិតជាការប្រសើរប្រសិនបើកីឡាករទាំងអស់ដែលមានបំណងចេញទៅប្រកបអាជីពនៅក្រៅប្រទេសអាចផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅព្រមទាំងរបបអាហារ បន្ថែមការហ្វឹកហាត់ ព្យាយាមកំហិតខ្លួនឯងក្នុងកម្រិតប្រកួតប្រជែងខ្ពស់និងពង្រឹងបច្ចេកទេសផ្ទាល់ខ្លួនក៏ដូចជាភាសាបរទេសនោះ ពួកគេនឹងមិនខ្វះទីផ្សារហើយថែមទាំងអាចទទួលជោគជ័យខ្លាំងទៀតផង ៕

អត្ថបទ៖ មករា

មតិយោបល់