CNCC បង្កើតពានអាថ៌កំបាំងចំនួន ៥ ក្នុងកម្មវិធី C-Football Award ឆ្នាំនេះ

នូ មករា November 2, 2018


ភ្នំពេញ៖ កម្មវិធី Cambodian Football Award លើកទី២ ដែលរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) ដើម្បីផ្ដល់ជូនក្រុម កីឡាករ និងអ្នកពាក់ព័ន្ធ នៃពានលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ នឹងត្រូវប្រកាសផ្លូវការ នារាត្រីថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ ដោយមានពានរង្វាន់សរុបចំនួន ២២ តែក្នុងនោះមានពានថ្មីចំនួន ៥ ដែល CNCC នឹងរៀបចំដោយលក្ខណៈអាថ៌កំបាំង ។
លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិរបស់ CNCC បានថ្លែងក្នុងសន្និសីទសារព័ត៌មានព្រឹកនេះថា នេះគឺជាឆ្នាំទី២ ដែល CNCC រៀបចំកម្មវិធី Cambodian Football Award នេះឡើង ។ ដូច្នេះវាគឺជារឿងមួយថ្មីសម្រាប់កម្ពុជា តែមិនមែនជារឿងថ្មីក្នុងវិស័យបាល់ទាត់ក្នុងតំបន់ និងពិភពលោកនោះទេ ។ កម្មវិធីនេះ រៀបចំឡើង ដើម្បីលើកទឹកចិត្តដល់ក្រុម កីឡាករ និងភាគីពាក់ព័ន្ធ ក៏ដូចជាបំផុសឲ្យមានការចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិកាន់តែច្រើន ។ សម្រាប់ពានរង្វាន់ត្រូវប្រគល់សរុបមានចំនួន ២២ ក្នុងនោះពានរង្វាន់ក្នុងពានលីគកំពូលកម្ពុជាមាន ៦, ពានរង្វាន់ក្នុងពានសម្ដេចតេជោ ហ៊ុន សែន មានចំនួន ៦ និងពានរៀបចំដោយ CNCC មានចំនួន ១០ តែក្នុងចំណោមនោះ ស្ថាប័នទទួលបន្ទុករៀបចំលីគ និងពានសម្ដេចនេះ នឹងរៀបចំពានស្ថិតក្នុងអាថ៌កំបាំងចំនួន ៥ ដើម្បីលើកទឹកចិត្តដល់ក្លឹប កីឡាករ និងភាគីពាក់ព័ន្ធ ដែលត្រូវការឆ្លងកាត់តាមការវាយតម្លៃរបស់គណៈកម្មការជំនាញ ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ឆាំង ពិសិដ្ឋ ។
គួរបញ្ជាក់ថា កម្មវិធី Cambodian Football Award ឆ្នាំ២០១៨ ដែលគ្រោងរៀបចំនារាត្រីថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ នៅមជ្ឈមណ្ឌល The The Premier Center Sen Sok ។ តែអ្វីដែលពិសេស សម្រាប់អ្នកគាំទ្រចូលរួមកម្មវិធីនេះ គឺត្រូវធ្វើការទិញសំបុត្រ ដោយសំបុត្រមួយសន្លឹកមានតម្លៃ ១២,០០០រៀល ។ មិនតែប៉ុណ្ណោះ ក៏មានការរៀបចំនូវកម្មវិធីប្រគំតន្ដ្រី មានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើនផងដែរ រួមមានលោក G-Devith, កញ្ញា ទេព បូប្រឹក្សា, កញ្ញា សុគន្ធ នីសា និងលោក អៀង វិឆ័យ ជាដើម ៕ អត្ថបទ៖ បុត្រា

មតិយោបល់