កែវ សុខង៉ន ប៉ងបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយក្នុងនាមអ្នកចាត់ការក្រុមភ្នំពេញក្រោន នាឆ្នាំ២០១៩

នូ មករា November 2, 2018


ភ្នំពេញ៖ បន្ទាប់ពីទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំក្លឹបភ្នំពេញក្រោន តែងតាំងជាអ្នកចាត់ការទូទៅក្រុមឈុតធំរបស់ក្រុមជើងឯក ៦សម័យកាលនេះ លោក កែវ សុខង៉ន បានបង្ហើបនូវមហិច្ឆតាដ៏ធំ ដោយលោកប៉ងចង់បង្កើតកំណត់ត្រាដ៏អស្ចារ្យមួយ ពោលគឺការជួយក្រុមលើកពានលីគ ក៏ដូចជាពានសម្ដេចតេជោ ហ៊ុន សែន ឲ្យបានក្នុងរដូវកាលថ្មី ឆ្នាំ២០១៩ ខាងមុខ ។ ការអះអាងបែបនេះ ដោយសារអតីតកីឡាករជម្រើសជាតិរូបនេះ មានជំនឿចិត្តលើបទពិសោធន៍របស់ខ្លួនដែលធ្លាប់រួមរស់ជាច្រើនឆ្នាំជាមួយក្លឹបភ្នំពេញក្រោនកន្លងមក ។

បងប្រុសបង្កើតរបស់កីឡាករ កែវ សុខផេង ដដែលបញ្ជាក់ថា ដោយសារខ្លួនធ្លាប់បានអង្កេតការងារជាថ្នាក់ដឹកនាំរយៈពេល ២ ទៅ ៣ឆ្នាំចុងក្រោយ ស្របពេលខ្លួនមានបទពិសោធន៍ក្នុងអាជីពនេះស្រាប់ លោកថា មិនមានឧបសគ្គអ្វីគួរឲ្យកត់សម្គាល់ សម្រាប់ការងារជាអ្នកចាត់ការទូទៅនោះទេ ។ សុខង៉ន បញ្ជាក់ថា៖ «នេះគឺជាឱកាសល្អសម្រាប់ខ្ញុំ ដើម្បីបង្ហាញពីមហិច្ឆតារបស់ខ្ញុំ ក្នុងនាមអតីតជាកីឡាករ ហើយបច្ចុប្បន្នជាអ្នកចាត់ការទូទៅក្រុម ខ្ញុំប្ដេជ្ញាចិត្តថា ពីមុនយើងជាកីឡាករ យើងជោគជ័យ យើងធ្លាប់ជួយក្រុមឈ្នះពាន តែឆ្នាំដំបូងជាមួយតួនាទីថ្មីនេះ បើសិនជាអាច ខ្ញុំនឹងបង្កើតកំណត់ត្រា ខ្ញុំជាអ្នកចាត់ការទូទៅថ្មី តែមានសមត្ថភាព អាចជួយក្រុមឈ្នះជើងឯក ក្នុងឆ្នាំ២០១៩ គឺជាភាពអស្ចារ្យសម្រាប់ខ្ញុំ» ។

សូមរំឭកថា កែវ សុខង៉ន បានចេះលេងបាល់ទាត់តាំងពីអាយុ ១២ឆ្នាំមកម្ល៉េះ ហើយកីឡាករនិមិត្តរូបរបស់គេដំបូងជាអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស និងLiverpool គឺកីឡាករ Michael Owen ។ បន្ទាប់មករូបគេ បានព្យាយាមអភិវឌ្ឍន៍ខ្លួន រហូតទាក់ចិត្តក្លឹបភ្នំពេញក្រោន ហើយនាំលេងជាមួយ ក្នុងឆ្នាំ២០០៨ ។ ក្រោយឈានជើងចូលប្រកួតក្នុងលីគអាជីព សុខង៉ន បានកសាងកេរ្ដ៍ឈ្មោះកាន់តែល្បី តាមរយៈការជួយភ្នំពេញក្រោនលើកពានលីគ និងពានសម្ដេច ក្នុងឆ្នាំ២០០៨, ២០០៩ និងឆ្នាំ២០១០ ។
 
បន្ទាប់មកក្នុងឆ្នាំ២០១១ ទើបរូបគេ បានផ្ទេរទៅក្លឹប Samut Sakhon នៅប្រទេសថៃ និងត្រឡប់មកបន្ដអាជីពលើទឹកដីកម្ពុជាវិញ ក្នុងឆ្នាំ២០១២ ជាមួយក្រុមបឹងកេត ហើយជួយបឹងកេត លើកពានលីគកំពូលកម្ពុជាទៀតផង ។ លុះចូលដល់ឆ្នាំ២០១៥ ទើប កែវ សុខង៉ន បានផ្ទេរមនកាន់ទ្រនំចាស់ គឺក្លឹបភ្នំពេញក្រោន ហើយបានជួយភ្នំពេញក្រោន លើកពានក្របខណ្ឌលីគកំពូលកម្ពុជា ក្នុងឆ្នាំនោះតែម្ដង ។ និយាយជារួម សុខង៉ន គឺជាកីឡាករដ៏ជោគជ័យម្នាក់ក្នុងអាជីពមុននឹងឡើងកាន់តំណែងអ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោនបច្ចុប្បន្ន ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់