ព្រះខ័នរាជស្វាយរៀង ចុះកិច្ចសន្យានាំយកអតីតយុវជនថ្នាល Southampton ត្រៀមរដូវកាលថ្មី

នូ មករា November 2, 2018


ភ្នំពេញ៖ បន្ទាប់ពីប្រកាសចែកផ្លូវជាមួយកីឡាករខ្មែរ និងបរទេសជាបន្ដបន្ទាប់រួចមក ឥលូវនេះក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញវត្តមានសមាជិកថ្មីដំបូងគេដែលជាកីឡាករបរទេស ហើយធ្លាប់ជាអតីតយុវជនថ្នាលរបស់ក្លឹបលំដាប់ពិភពលោក Southampton និងក្លឹប Stoke City គឺខ្សែការពារកណ្ដាល Harvey Read ។ នេះបើតាមការជូនដំណឹងរបស់ក្លឹប ។
កីឡាករ Harvey Read គឺជាសមាជិកថ្មីដំបូងរបស់ក្រុមចំណាត់ថ្នាក់លេខ៦ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ខណៈ បច្ចុប្បន្នរូបគេមានវ័យ ២០ឆ្នាំ ។ មុនផ្ទេរមកបន្ដអាជីពក្នុងលីគកំពូលកម្ពុជា កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ធ្លាប់បានលេងឲ្យក្រុមយុវជនមួយចំនួន ដោយផ្ដើមចេញពីក្រុមយុវជន Southampton បន្ទាប់មកទើបផ្ទេរទៅក្រុម Stoke City FC កាលពីឆ្នាំ២០១៧ ។ ក្រោយបានចូលរួមជាមួយក្រុម Stoke City FC ១រដូវកាលពេញ Harvey Read បានបង្ហាញខ្លួនលើទីលានចំនួន ១៩ប្រកួត និងរកបាន ១គ្រាប់ ក្នុងការប្រកួតក្របខណ្ឌពានរង្វាន់ U18 Premier League និង Primier League 2 របស់អង់គ្លេស ។

បន្ទាប់មកទើបរូបគេ ដាច់ចិត្តចេញប្រឡូកអាជីពក្រៅតំបន់ ដោយផ្ទេរមកលេងឲ្យក្លឹបលីគលំដាប់ទី២ នៃប្រទេសអូស្ដ្រាលី គឺក្លឹប Heidelberg United ក្នុងឆ្នាំ២០១៨ ។ យ៉ាងណាមិញការប្រកាសស្វាគមន៍សមាជិកថ្មីនេះ ស្វាយរៀង មិនបានបញ្ជាក់ពីរយៈពេលនៃកិច្ចសន្យានោះទេ ។ ប៉ុន្ដែជាបណ្ដោះអាសន្ន Harvey Read គឺជាកីឡាករបរទេសទី៣ ហើយ ដែលត្រៀមរដូវកាលថ្មី ជាមួយក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីកីឡាករបរទេស ២រូប គឺកីឡាករ Harley Willard និង Daisuke Kobayashi បានយល់ព្រមបន្ដកិច្ចសន្យា ១ឆ្នាំជាមួយក្លឹប ខណៈកីឡាករបរទេស ៣រូបទៀត ត្រូវបានក្លឹបប្រកាសចែកផ្លូវ រួមមានកីឡាករប្រេស៊ីល Sergio Barboza, ខ្សែបម្រើជប៉ុន Ryota Ishikawa និងអ្នកចាំទីបេឡារុស Asnin Dzmitry ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់