ក្ដៅៗ! ឆេង ម៉េង និង សារី ម៉ាត់ណូរ៉ូទីន ផ្ទេរទៅវិសាខា ក្រោយជួយណាហ្គាលើកពានលីគកំពូល

នូ មករា November 1, 2018


 ភ្នំពេញ៖ ក្រុមបាល់ទាត់វិសាខា បានបន្ថែមកម្លាំងថ្មី ២រូបទៀតហើយ ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០១៩ខាងមុខ គឺកីឡាករ ឆេង ម៉េង និងកីឡាករ សារី ម៉ាត់ណូរ៉ូទីន ក្រោយអ្នកទាំងពីរ បានជួយក្រុមណាហ្គាវើល លើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៨ កាលពីពេលថ្មីៗ ។ នេះបើតាមការជូនដំណឹងរបស់ក្លឹបវិសាខា នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។
 
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមចំណាត់ថ្នាក់លេខ៣ នៃលីគឆ្នាំ២០១៨ នេះ បានបញ្ជាក់ថា៖ «ក្លិបបាល់ទាត់វិសាខា មានសេចក្ដីសោមនស្សរីករាយ និងសូមជម្រាបជូនដំណឹងល្អដល់បងប្អូនអ្នកគាំទ្រថា ពេលនេះក្លិបបានចុះកិច្ចសន្យាជាមួយសមាជិកថ្មី ២រូបទៀតហើយ ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មី នាឆ្នាំ២០១៩ខាងមុខ គឺកីឡាករ សារី ម៉ាត់ណូរ៉ូទីន និងកីឡាករ ឆេង ម៉េង បន្ទាប់ពីត្រូវបានផ្ទេរពីក្លិបណាហ្គាវើលជាផ្លូវការរួចមក» ។
សម្រាប់កីឡាករ ឆេង ម៉េង និង សារី ម៉ាត់ណូរ៉ូទីន ប៉ុន្មានរដូវកាលចុងក្រោយនេះ ពួកគេបានសាងភាពលេចធ្លោរជាខ្លាំង ជាមួយក្រុមណាហ្គាវើល ក៏ដូចជាក្រុមជម្រើសជាតិ ក្នុងការប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិ តែអ្វីដែលពិសេស គឺសមិទ្ធិផលធំចុងក្រោយរបស់ពួកគេ កាលពីពេលថ្មីៗ អ្នកទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុមណាហ្គាវើល លើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ។ ដូច្នេះជុំវិញការផ្ទេរពីក្រុមជើងឯក មកពីក្រុមចំណាត់ថ្នាក់លេខ៣ ក៏បានបង្កនូវការងឿឆ្ងល់មួយចំនួន សម្រាប់អ្នកគាំទ្រផងដែរ ។ 
 
គួរបញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែលវិសាខា បានប្រកាសសមាសភាពកីឡាករចំណូលថ្មី ដើម្បីត្រៀមរដូវកាលឆ្នាំ២០១៩ខាងមុខ បន្ទាប់ពីប្រកាសលើកទី១ ពួកគេបានចុះកិច្ចសន្យាជាមួយកីឡាករយុវជនចំនួន ៥នាក់ឯណោះ ដែលជាកីឡាករមកពីសាលាបាល់ទាត់ជាតិបាទី រួមមានកីឡាករ ទៀត គឹមហេង, ទូត គឹមឆាយ, ឡុង ម៉េងហាវ, ផុន តៃនិញ និងអ្នកចាំទី គង់ ពីលត់ ៕
អត្ថបទ៖ បុត្រា

មតិយោបល់