អតីតគ្រូជម្រើសជាតិលោក Lee ប្រកាសចប់កុងត្រាជាមួយ FFC ក្រោយរួមរស់ជាង ៧ឆ្នាំ

នូ មករា November 1, 2018


ភ្នំពេញ៖ ទីបំផុតលោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមឈុតធំជម្រើសជាតិកម្ពុជា បានប្រកាសផុតកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)ហើយ ក្រោយរួមរស់ និងធ្វើការឲ្យសហព័ន្ធអស់រយៈពេល ៧ឆ្នាំ និង ៣ខែ ។ នេះបើតាមការប្រកាសលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក Lee កាលពីម្សិលមិញ ។ បុរសជនជាតិកូរ៉េរូបនេះ បានសរសេរថា៖ «ពេលនេះកិច្ចសន្យារបស់ខ្ញុំ ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអស់សុពលភាពហើយ ហើយរយៈពេល ៧ឆ្នាំ និង ៣ខែ ដែលខ្ញុំបានធ្វើការនៅកម្ពុជា ខ្ញុំពិតជាមានកិត្តិយស ភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ជាច្រើន ជាមួយនឹងការប្រកួតប្រជែង…..» ។ បន្ថែមលើនេះ លោកក៏បានថ្លែមអំណរគុណថ្នាក់ដឹកនាំសហព័ន្ធ ឯកឧត្តម សៅ សុខា និងមន្ដ្រីសហព័ន្ធ ដែលតែងសហការ និងជំរុញឲ្យការអនុវត្តការងាររបស់លោកដំណើរការបានយ៉ាងរលូនផងដែរ ។

គួរបញ្ជាក់ថា លោក Lee Tae hoon បានចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជា កាលពីចុងឆ្នាំ២០១០ តែរាល់ពេលក្រុមជម្រើសជាតិ ត្រូវបានផ្លាស់ប្ដូរគ្រូបង្វឹកថ្មី លោកមិនត្រូវបានផ្ដាច់ការងារពីសហព័ន្ធនោះទេ ជាក់ស្ដែងនៅដើមឆ្នាំ២០១៧ ក្រោយលោក Leonardo Vitorino ចូលមកដឹកនាំក្រុមគោព្រៃ សហព័ន្ធបានចាត់តាំងលោក Lee ឲ្យដឹងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៥ឆ្នាំ ។

យ៉ាងណាមិញក្រោមការដឹកនាំរបស់លោក Lee ក្រុមគោព្រៃកម្ពុជា ធ្លាប់បន្សល់នូវសមិទ្ធិផលល្អៗមួយចំនួន ពិសេសកំណត់ចំនួន ៣ ដែលអ្នកគាំទ្រកម្ពុជា ចងចាំមិនភ្លេច ទី១៖ លោកបានដឹកនាំក្រុមគោព្រៃ ឆ្លងផុតវគ្គជម្រុះបឋមពាន 2018 FIFA World Cup Qualification នៅតំបន់អាស៊ី ក្រោយយកឈ្នះក្រុមម៉ាកាវ ៣-០ ក្នុងដី និងស្មើម៉ាកាវ ១-១ ក្រៅដី ។ ទី២៖ លោកបានដឹកនាំក្រុមគោព្រៃ ឆ្លងផុតវគ្គជម្រុះពានរង្វាន់ AFC Asean Cup 2019 ក្រោយប្រកួតឈ្នះក្រុមឆាយនីសតៃប៉ិ ក្នុងដី ២-០ និងប្រកួតស្មើក្រៅដី ២-២ ។

ទី៣៖ លោក Lee បានដឹកនាំក្រុមជម្រើសជាតិកម្ពុជា ឆ្លងផុតវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលជាកំណត់ត្រាប្រវត្តិសាស្ដ្រ បើគិតចាប់ពីឆ្នាំ១៩៩៨ ក្រោយក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានឆ្លងកាត់ ៣ប្រកួត និងទទួលបានជ័យជម្នះទាំង ៣ប្រកួត រួមមានឈ្នះឡាវ ២-១, ឈ្នះប្រ៊ុយណេ ៣-០ និងឈ្នះទីម័រខាងកើត ៣-២ ។ យ៉ាងណាមិញក្រោយចប់កិច្ចសន្យាជាមួយសហព័ន្ធ តែលោក Lee បានអះអាថា នឹងមិនភ្លេចអនុស្សាវរីយ៍ គ្រាដែលធ្លាប់ធ្វើការងារនៅកម្ពុជានោះទេ ៕

អត្ថបទ៖ បុត្រា

មតិយោបល់