មិត្តភាព៖ U18 Fukushima ចាញ់ U18 បាទី ១-០ មុនជួបវិសាខា

នូ មករា November 1, 2018


ភ្នំពេញ៖ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ បានបន្សល់ទុកនូវការសោកស្ដាយជាខ្លាំង សម្រាប់ក្រុមយុវជន U18 Fukushima របស់ជប៉ុន ក្រោយយកឈ្នះ ១-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន លើទីលានពហុកីឡដ្ឋានជាតិ កាលពីល្ងាចមិញ មុនបន្ដជួបក្រុមវិសាខា នាល្ងាចថ្ងៃទី០២ ខែវិច្ឆិកាស្អែកនេះ ។

ការប្រកួតនេះ ក្រុម U18 Fukushima ហាក់មានឱកាសគ្រប់គ្រងបាល់ច្រើនលើទីលាន អមដោយការបង្កគ្រោះថ្នាក់ដល់ក្រុមម្ចាស់ផ្ទះជាច្រើនលើកទៀតផង តែ ៩០នាទីពេញ ពួកគេមិនអាចទម្លាំងរបាំងការពារដ៏រឹងមាំរបស់ក្រុម U18 បាទី បានទេ ។ ផ្ទុយទៅវិញ នៅនាទី៧៥ ក្រោយទទួលបានបាល់ដាច់ពីមិត្តរួមក្រុម កីឡាករ ធី លៀង បានប្រើបច្ចេកទេសយ៉ាងល្អ រហូតបញ្ចប់ទីបាន ១គ្រាប់ឲ្យក្រុម U18 បាទី ដែលជាគ្រាប់ជ័យជម្នះតែម្ដង ។

នេះគឺជាលទ្ធផលមួយដ៏ល្អសម្រាប់ក្រុម U18 បាទី ដែលអាចយកឈ្នះលើក្រុមយុវជនមកពីជប៉ុន ដែលមានកម្រិតអាយុស្មើគ្នា ។ ប៉ុន្ដែយ៉ាងណាវាគ្រាន់តែជាការប្រកួតមិត្តភាព ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ពិសេសដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនប៉ុណ្ណោះ ។ បន្ទាប់ពីការប្រកួតនេះ ក្រុម U18 Fukushima នឹងបន្ដជួបក្រុមវិសាខាវិញម្ដង នាវេលាម៉ោង ៥ល្ងាចស្អែក ដែលធ្វើឡើងលើទីលានពហុកីឡដ្ឋានជាតិដូចគ្នា និងមិនមានការលក់សំបុត្រឡើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់