កុំភ្លេច! ក្រុមយុវជន U18 បាទី ប៉ះ U18 ជប៉ុន ម៉ោង ៥ល្ងាចនេះ

នូ មករា October 31, 2018


 ភ្នំពេញ៖ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ(U18 បាទី) នឹងត្រូវជួបក្រុមយុវជនជប៉ុន U18 Fukushima នាវេលាម៉ោង ៥ល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ក្នុងជំនួបមិត្តភាពអន្ដរជាតិ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ។ នេះគឺជាការប្រកួតមិត្តភាព ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយសមាគមកីឡាបាល់ទាត់ជប៉ុន ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងការទូតរយៈពេលជាង ៦៥ឆ្នាំកន្លងទៅ ។

ការប្រកួតនេះ នឹងអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមទស្សនាដោយសេរី មិនមានការលក់សំបុត្រឡើយ ។ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ ។ សូមបញ្ជាក់ថា បន្ទាប់ពីប្រកួតមិត្តភាពជាមួយក្រុម U18 បាទី ក្រុមយុវជនមកពីសមាគមកីឡាបាល់ទាត់ជប៉ុនខាងលើ ក៏នឹងត្រូវធ្វើការប្រកួតមិត្តភាពជាមួយក្រុមម្ចាស់ស្រុក ១ប្រកួតទៀតផងដែរ ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាត់តាំងក្រុមវិសាខា ដើម្បីទទួលស្វាគមន៍ក្រុមយុវជន U18 Fukushima នាថ្ងៃទី០២ ខែវិច្ឆិកាខាងមុខ លើទីលានពហុកីឡដ្ឋានជាតិ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដដែល ៕

អត្ថបទ៖ បុត្រា

មតិយោបល់