លោក Leonardo ថា ចង់អភិវឌ្ឍន៍យុវជនឲ្យមានគំនិតចង់ឈ្នះ មិនមែនគិតតែរឿងចាញ់ទេ

នូ មករា October 29, 2018


ភ្នំពេញ៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានបង្ហាញនូវចក្ខុវិស័យ និងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការចូលកាន់តំណែងគ្រូបង្វឹកថ្មីរបស់ក្លឹបភ្នំពេញក្រោន ពិសេសគឺលោកចង់ផ្ដោតលើការអភិវឌ្ឍន៍យុវជនមានឆន្ទៈខ្ពស់ក្នុងការប្រកួតប្រជែង និងការអភិវឌ្ឍន៍ឈានទៅកីឡាករអាជីព មិនមែនកីឡាករមានគំនិតបរាជ័យឡើយ ។

បុរសជនជាតិប្រេស៊ីលរូបនេះ និយាយថា៖ «ចក្ខុវិស័យរបស់យើង គឺការអភិវឌ្ឍន៍យុវជន តែមិនមែនអភិវឌ្ឍន៍កីឡាករមានគំនិតបរាជ័យនោះទេ គឺអភិវឌ្ឍន៍កីឡាករមានគំនិតជោគជ័យ និងចង់ឈ្នះ មានន័យថាយើងត្រូវការកីឡាករខ្លាំង ។ ខ្ញុំប្រាកដខ្លួនឯង ខ្ញុំមកទីនេះ មិនមែនក្នុងន័យអភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍន៍នោះទេ ខ្ញុំមកទីនេះ គឺចង់ឈ្នះលីគដូចគ្នា ចឹងបើឱកាសមានយើងនឹងបង្ហាញ ព្រោះយើងត្រូវការឈ្នះ ។ ខ្ញុំពិតជាមានមោទនៈភាព និងរំភើបជាមួយក្រុមនេះ» ។

លោក Leonardo ត្រូវបានក្លឹបប្រកាសតែងតាំងជាគ្រូបង្គោលកាលពីថ្ងៃទី២៤ ខែតុលា ។ ជាមួយនឹងការបង្ហាញវត្តមាននៅកីឡដ្ឋាន RSN ពីសំណាក់គ្រូបង្វឹកដ៏មានបទពិសោធន៍រូបនេះ ត្រូវបានអ្នកគាំទ្រទូទៅ មិនថាអ្នកគាំទ្រក្លឹបភ្នំពេញក្រោនឡើយ សម្ដែងនូវការស្វាគមន៍ ហើយក៏អបអរសាទរ ចំពោះវត្តមានលើកទី២ ក្នុងនាមជាគ្រូបង្វឹកលើទឹកដីកម្ពុជានេះដែរ ។ មិនតែប៉ុណ្ណោះ គេក៏សង្ឃឹមថា ភ្នំពេញក្រោន នឹងមានទម្រង់លេងមួយកាន់តែល្អ ក្រោយធ្វើការផ្លាស់ប្ដូរគ្រូបង្វឹកថ្មីនេះផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់