AFF Suzuki Cup: សមាសភាពគ្រូបង្វឹកក្រុមទាំង ៥ នៅពូល A

នូ មករា November 3, 2018


អន្តរជាតិ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ ព្រឹត្តិការណ៍ AFF Suzuki Cup ដែលជាការប្រកួតបាល់ទាត់ដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍នឹងត្រូវចាប់ផ្តើមជាផ្លូវការហើយ ។​ ជាមួយគ្នានេះដែរ ក្រុមនីមួយៗសុទ្ធតែបានឆ្លងកាត់ការប្រមូលផ្តុំហ្វឹកហាត់ក៏ដូចជាប្រកួតជាលក្ខណៈមិត្តភាពជាបន្តបន្ទាប់ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្តងនេះ ។ មិនខុសពីឆ្នាំកន្លងមកឡើយ ក្នុងឆ្នាំ២០១៨នេះមានការបែងចែកជា ២ពូលដោយពូល A មាន ៥ក្រុមដូចជា កម្ពុជា, ម៉ាឡេសុី, វៀតណាម, មីយ៉ាន់ម៉ា និងឡាវ ។ ចំណែកពូល B មាន ៥ ក្រុមដែរគឺ ថៃ, សិង្ហបុរី, ឥណ្ឌូនេសុី, ហ្វីលីពីន និងទីម័រខាងកើត ។ ថ្ងៃនេះយើងខ្ញុំសូមជម្រាបជូនលោកអ្នកនូវសមាសភាពគ្រូបង្វឹករបស់បណ្តាក្រុមទាំង ៥នៃពូល A ដែលមានដូចតទៅ៖

កម្ពុជា៖ ក្រុមគោព្រៃកម្ពុជាទើបតែរកបានគ្រូបង្វឹកថ្មីរបស់ខ្លួនគឺលោក Keisuke Honda ដែលជាអតីតកីឡាករជម្រើសជាតិជប៉ុនដ៏ល្បីល្បាញ និងលោក Felix Dalmas ជនជាតិអាហ្សង់ទីន ។ បើទោះបីជានេះជាពិសោធន៍ថ្មីសម្រាប់អ្នកទាំងពីរក្នុងការដឹកនាំក្រុមជម្រើសជាតិក៏ពិតមែន ប៉ុន្តែគេជឿជាក់ថាអតីតកីឡាករដែលធ្លាប់ប្រកបអាជីពក្នុងប្រទេសជប៉ុន ក៏ដូចជាទ្វីបអាសុីទាំងពីរនេះនឹងអាចផ្តល់នូវបច្ចេកទេសល្អៗដល់ក្រុមគោព្រៃកម្ពុជាសម្រាប់ការប្រកួតប្រជែងពាន AFF Suzuki Cup ជាក់ជាមិនខាន ។ សូមបញ្ជាក់ថា Keisuke Honda ដែលមានវ័យ ៣២ឆ្នាំធ្លាប់ទទួលបានជោគជ័យក្នុងពេលលេងនៅប្រទេសហូឡង់, រុស្សី និងអុីតាលី ដោយថែមទាំងធ្លាប់មានបទពិសោធន៍លេងជាមួយក្រុមជម្រើសជាតិជប៉ុនក្នុងព្រឹត្តិការណ៍ធំៗប្រចាំទ្វីបអាសុីដូចជា AFC Asian Cup 2011 ជាដើម ខណៈដែលដៃស្តាំរបស់គេគឺលោក Felix Dalmas វ័យ ៣០ឆ្នាំក៏ធ្លាប់ចំណាយពេល ៤រដូវកាលដើម្បីលេងនៅក្នុងលីគជប៉ុនផងដែរ (ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៣) ។

 

វៀតណាម៖ ជ័យជម្នះក្នុងនាមជាជើងឯករងនៃព្រឹត្តិការណ៍ AFC U23 Championship 2018 បានក្លាយជាសមិទ្ធិផលជោគជ័យជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិវៀតណាមទាំងមូល​ ខណៈដែលប្រជាជនរាប់លាននាក់នៃដែនដីកុម្មុយនីស្តជិតខាងកម្ពុជាមួួយនេះបានចាត់ទុកលោក Park Hang Seo គឺជាវីរបុរសមួយរូបដែលបានសាងកេរ្ត៍ឈ្មោះដ៏ល្បីល្បាញដល់ប្រជាជាតិមួយនេះបើទោះបីជាលោកបានចូលដឹកនាំត្រឹមឆ្នាំ២០១៧ក៏ដោយ ។ ជាមួយនឹងគោលការណ៍តឹងរុឹង គ្រូបង្វឹក ៥៩ឆ្នាំរូបនេះប្រកាន់ខ្ជាប់លើការគោរពវិន័យ និងការបំពាក់បំប៉នបច្ចេកទេសថ្មីៗដល់កូនក្រុមរបស់ខ្លួនដែលសុទ្ធសឹងជាយុវជន និងជាធនធានជំនាន់ថ្មីនៃវិស័យបាល់ទាត់វៀតណាម ។  លោក Park Hang Seo មានប្រវត្តិមិនធម្មតាឡើយនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលជាដែនដីកំណើតរបស់ខ្លួន​ជាក់ស្តែងលោកធ្លាប់ជាកីឡាករនៅបណ្តាក្លឹបធំៗក្នុងលីគកូរ៉េ បន្ទាប់មកត្រូវបានតែងតាំងជាគ្រូជំនួយក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ 2002 FIFA World Cup ដែលកាលណោះកូរ៉េបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ក្រោយមកលើកបានដឹកនាំក្រុម Sangju Sangmu (2013, 2015) ឱ្យទទួលបានតំណែងជើងឯកនៅលីគទី២កូរ៉េបាន ២លើកផងដែរ ។

ម៉ាឡេសុី៖ ក្នុងវ័យ ៥០ឆ្នាំ លោក Tan Cheng Hoe មានបទពិសោធន៍ជោគជាំនៅក្នុងប្រទេសម៉ាឡេសុីទាំងកម្រិតយុវជន និងឈុតធំ ក៏ដូចជានៅក្នុងក្លឹប Kedah ផងដែរ ។ គ្រូបង្វឹកដែលមានទំនោរចិត្តលេងទម្រង់ប្រយុទ្ធរូបនេះធ្លាប់ដឹកនាំក្រុម Kedah ឈ្នះជើងឯកពាន 2016 Malaysia Cup ហើយកាលពីឆ្នាំ២០១០ ធ្លាប់បំពេញតួនាទីជាគ្រូជំនួយក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ 2010 AFF Suzuki Cup ជាឆ្នាំដែលក្រុមម៉ាឡេសុីបានគ្រងតំណែងជើងឯកជាលើកដំបូងផងដែរនោះ ។

មីយ៉ាន់ម៉ា៖ ជាមួយនឹងបទពិសោធន៍ក្នុងក្រុមជម្រើសជាតិនៅបណ្តាប្រទេសជាច្រើននៅអាហ្វ្រិកដូចជា ឡេសូតូ, ហ្សំប៊ី, លីប៊ីរីយ៉ា, កេនយ៉ា និងរ៉្វាន់ដា ជាដើមគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ដ៏ លោក Antoine Hey កំពុងរ៉ាប់រងភារកិច្ចក្នុងការដឹកនាំក្រុមឈុតធំមីយ៉ាន់ម៉ា ក៏ដូចជាក្រុម U23 ដែលជាក្រុមខ្លាំងមួយនៅក្នុងតំបន់អាសុីអាគ្នេយ៍ ។​ យ៉ាងណាក៏ដោយ នេះជាលើកដំបូងហើយសម្រាប់បុរសវ័យ ៤៨ឆ្នាំរូបនេះក្នុងការមកប្រកបអាជីពនៅតំបន់អាសុី ។​

ឡាវ៖ ជាមួយនឹងក្តីសង្ឃឹមខ្ពស់ប្រទេសជិតខាងកម្ពុជានេះរំពឹងថា លោក V.Sundramoorthy ដែលមានបទពិសោធន៍ច្រើនទាំងជាកីឡាករ ក៏ដូចជាគ្រូបង្វឹកក្នុងតំបន់អាស៊ាននឹងអាចដឹកនាំក្រុមឡាវទទួលបានលទ្ធផលល្អប្រសើរ ។ បុរសវ័យ ៥៣ឆ្នាំរូបនេះ ធ្លាប់ដឹកនាំក្រុមជម្រើសជាតិសិង្ហបុរីក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2016, ធ្លាប់ឈ្នះពាន 2013 Malaysia Super League ផងដែរ ។ លោក V.Sundramoorthy បានប្តេជ្ញាថា ក្រុមឡាវនឹងបង្ហាញឱ្យឃើញទម្រង់លេងដ៏ជក់ចិត្តដែលជាសញ្ញានៃ “ការរួបរួម និងទំនុកចិត្ត” សម្រាប់ការប្រកួតឆ្នាំនេះ ៕

ប្រែសម្រួល៖ មករា

ប្រភព៖AFF Suzuki Cup

 

 

 

 

 

មតិយោបល់