ស្ងាត់ៗ FFC ចាប់ដៃជាមួយ La Liga ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា

នូ មករា October 26, 2018


ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានកីឡាបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ កន្លងមក ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា រួមជាមួយ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានជួបពិភាក្សាការងារជាមួយ លោក Ivan Codina នាយកគ្រប់គ្រង និងលោក Jose Maria ប្រតិភូ La Liga លើការចុះអនុស្សារណៈយោគយល់គ្នា ( MOU ) សម្រាប់អភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ។

តាមប្រភពព័ត៌មានដដែលបានបញ្ជាក់ថា គោលដៅនៃអនុស្សារណៈយោគយល់គ្នារវាងភាគីកម្ពុជា និងលីគកំពូលអេស្ប៉ាញនេះរួមមាន៖ ការអភិវឌ្ឍផ្នែកគ្រូបង្វឹក ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ និងការងារជួយដល់កិច្ចការសង្គមផងដែរ ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ថា MOU នេះនឹងប្រារព្ធពិធីចុះហត្ថលេខាជាផ្លូវការនាពេលណានោះទេ ប៉ុន្តែមានជំនឿថា នឹងកើតឡើងនាពេលឆាប់ៗខាងមុខ ខណៈដែលអ្នកគាំទ្របាល់ទាត់កម្ពុជាដែលជាប្រភេទកីឡាកំពុងទទួលបានប្រជាប្រិយជាងគេនោះ បានទន្ទឹងរង់ចាំយ៉ាងអន្ទះសារចង់ដឹងពីខ្លឹមសារ ក៏ដូចជាផ្លែផ្កានៃកិច្ចសហការដ៏សំខាន់នេះ  ។

គួរបញ្ជាក់ថា កាលពីកំឡុងខែមិថុនាកន្លងមក សមាគមបាល់ទាត់ថៃដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជាបានប្រកាសពីកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹង UEFA និង AFC ដោយគ្រោងបង្កើត UEFA Assist General Secretary Mentoring Programme – The Football Association of Thailand ដែលស្ថាប័ននេះនឹងបញ្ជូនអ្នកជំនាញការរបស់ខ្លួនមកកាន់ប្រទេសថៃដើម្បីចូលរួមផ្តល់ការប្រឹក្សានានាសម្រាប់រយៈពេលពេញ ១ឆ្នាំ ។ ជាមួយគ្នានេះ UEFA ក៏ដូចជា AFC នឹងកសាងមជ្ឈមណ្ឌលអភិវឌ្ឍន៍សមត្ថភាពកីឡាបាល់ទាត់មួយនៅសាកលវិទ្យាល័យ Bangkok Thonburi រួមជាមួយនឹងផែនការរៀបចំការប្រកួតថ្នាលយុវជនប្រចាំឆ្នាំថែមទៀតផង ហើយតាមការគ្រោងទុក គម្រោងនានានឹងធ្វើឡើងជាមួយនឹងគោលដៅបឋមរយៈពេល​២ឆ្នាំ ខណៈដែលសមាគមបាល់ទាត់ថៃកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាលើការពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីរបស់ខ្លួនដើម្បីប្រកួតប្រជែងទាំងក្នុងតំបន់អាស៊ាន ព្រមទាំងកម្រិតទ្វីបអាសុីផងដែរនោះ ៕

អត្ថបទ៖ មករា

មតិយោបល់