អន្តរជាតិ៖ ក្លឹបថៃ Bangkok United ចាយជាង ១លានដុល្លារទិញខ្សែប្រយុទ្ធលេចធ្លោពីអាម៉រិគកណ្តាល

នូ មករា October 26, 2018


ថៃ៖ យោងតាមប្រភពព័ត៌មានពីប្រទេសថៃបានឱ្យដឹងថា ក្លឹប True Bangkok United ដែលជាជើងឯករងលីគកំពូលថៃឆ្នាំ២០១៨នេះ បានឈានដល់ការព្រមព្រៀងចុងក្រោយដើម្បីនាំយកខ្សែប្រយុទ្ធជម្រើសជាតិប្រទេសអែលសាល់វ៉ាឌ័ គឺកីឡាករ Nelson Bonilla ក្នុងតម្លៃដោះដូរប្រមាណជាជាង ៣៣លានបាត ឬជាង ១លានដុល្លារអាម៉េរិគដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មី២០១៩ ខណៈដែលការប្រកាសជាផ្លូវការគ្រោងនឹងធ្វើឡើងនៅកំឡុងខែវិច្ឆិកាខាងមុខនាពេលដែលកីឡាកររូបនេះធ្វើដំណើរមកដល់ប្រទេសថៃតែម្តង ។ 

 

ក្នុងវ័យ​២៨ឆ្នាំ Nelson Bonilla បានបំបែកកំណត់ត្រាជាកីឡាករអែលសាល់វ៉ាឌ័ដែលមានតម្លៃខ្លួនថ្លៃជាងគេក្នុងការដោះដូរលើទីផ្សារអន្តរជាតិ ខណៈដែលរូបគេជាខ្សែប្រយុទ្ធលេចធ្លោក្នុងក្រុមជម្រើសជាតិដោយរកបាន ១៣គ្រាប់តែម្នាក់ឯងគិតត្រឹមពីឆ្នាំ២០១២មក ។ ជាមួយគ្នានេះ កាលលេងជាមួយក្រុម Sukhothai FC របស់ថៃនារដូវកាល២០១៨នេះ រូបគេក៏បានទាត់បញ្ចូលទីបាន ២៥គ្រាប់រហូតបានឈរនៅលេខរៀងទី៤ នៃតារាងអ្នកទាត់បញ្ចូលទីច្រើនគេ (Top Scorer) នៅលីគកំពូលថៃ ជាហេតុធ្វើឱ្យក្លឹប True Bangkok United ចាប់អារម្មណ៍ និងតាមប្រមាញ់ចង់បានតែម្តង ។ 

 

សូមបញ្ជាក់ថា Nelson Bonilla មានបទពិសោធន៍ជាច្រើននៅក្នុងតំបន់អាម៉េរិគកណ្តាល រួចបន្តមកប្រកបអាជីពនៅតំបន់អឺរ៉ុប និងអាសុីដូចជាក្នុងប្រទេសប៉ទុយហ្គាល់, រ៉ូម៉ានី, ទួគី, អាហ្ស៊ែបៃហ្សង់ មុននឹងប្តូរមកប្រទេសថៃវិញក្នុងឆ្នាំ២០១៨នេះ ៕

អត្ថបទ៖ មករា

មតិយោបល់