Leonardo បោះបង់ក្លឹបជាច្រើន ព្រោះចង់ដឹកនាំក្រុមនៅកម្ពុជា

នូ មករា October 25, 2018


ភ្នំពេញ៖ លោក Leonardo Vitiorino បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយបានត្រឡប់មកធ្វើការនៅកម្ពុជា ពិសេសលោកបានដឹកនាំក្លឹបភ្នំពេញក្រោន ដែលមានចក្ខុវិស័យអភិវឌ្ឍន៍យុវជនដូចខ្លួន ។ តែទន្ទឹមជាមួយគ្នា លោកក៏បានបោះបង់ឱកាសដឹកនាំក្លឹបជាច្រើនផងដែរ ដើម្បីមកបន្ដអាជីពការងារជាគ្រូបង្វឹកលើកទី២ នៅលើទឹកដីកម្ពុជានេះ ។

អតីតគ្រូបង្វឹកក្រុមគោព្រៃកម្ពុជារូបនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មានម្សិលមិញថា៖ «មានក្រុមជម្រើសជាតិមួយនៅអាស៊ាន ម្សិលមិញគេបានចាញ់ និងបាត់បង់គ្រូធំ ហើយគេបានធ្វើទំនាក់ទំនងច្រើនមកខ្ញុំ អំឡុងពេលខ្ញុំធ្វើដំណើរមកកម្ពុជា ដើម្បីត្រៀមពានរង្វាន់ AFF Suzuki Cup, ក្រុមមួយ នៅម៉ាឡេស៊ី និងក្រុមមួយទៀត នៅថៃ តែអ្វីដែលសំខាន់ គឺខ្ញុំមានទំនាក់ទំនងល្អជាងគេ ជាមួយនឹងកម្ពុជា ចឹងខ្ញុំចង់មកធ្វើការនៅទីនេះ» ។

លើសពីនេះ បុរសជនជាតិប្រេស៊ីលដដែល ក៏បានបញ្ជាក់ពីមូលហេតុនលោកសម្រេចចិត្តចូលកាន់តំណែងគ្រូធំរបស់ក្លឹបភ្នំពេញក្រោនផងដែរ ពិសេសគឺលោកមានទំនាក់ទំនងផ្ទាល់ជាមួយប្រធានក្លឹប គឺលោកឧកញ៉ា ឬទ្ធី សំណាង ដែលមានឆន្ទៈ និងការអភិវឌ្ឍន៍បាល់ទាត់ពិតប្រាកដ ។ ដូច្នេះលោកពិតជារីករាយក្នុងដំណើរមកកាន់កីឡដ្ឋាន RSN ពេលនេះ ហើយលោកក៏សង្ឃឹមថា នឹងដឹកនាំក្រុមភ្នំពេញក្រោន ទទួលបានលទ្ធផលល្អ នារដូវកាលក្រោយផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់