មិត្តភាព៖ ជម្រើសជាតិហ្វូតសាលកម្ពុជា ចាញ់ម្ចាស់ផ្ទះថៃ Rachanavy FC ៥-១

នូ មករា October 25, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះថៃ Rachanavy FC ដោយលទ្ធផល ៥-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅកីឡដ្ឋាន Phutianan Stadium កាលពីល្ងាចមិញ ។ នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិលើកដំបូង បន្ទាប់ពីក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ជិត ២សប្ដាហ៍កន្លងទៅ ស្របពេលពួកគេ កំពុងបោះជំរុំហ្វឹកហាត់នៅថៃ ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ AFF Futsal Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី នាដើមខែវិច្ឆិកាខាងមុខ ។

តាមគម្រោងអំឡុងពេលបោះជំរុំហាត់នៅថៃនេះ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា នឹងមានជំនួបមិត្តភាព ៣ប្រកួតឯណោះ ជាក់ស្ដែងថ្ងៃនេះ ក្រោយប្រកួតចាញ់ក្រុម Rachanavy FC របស់ថៃ ពួកគេនឹងបន្ដជួបក្រុមខ្លាំង Samut Sakhon នាវេលាម៉ោង ៣រសៀល នៅកីឡដ្ឋាន Phutianan Stadium មុនបន្ដជួបក្រុមជើងខ្លាំង Bangkok City មួយទៀត នៅរសៀលថ្ងៃទី២៦ ខែតុលាស្អែកនេះ ។

ដោយឡែកពានរង្វាន់ AFF Futsal Championship 2018 វិញ គឺគ្រោងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៥-១១ ខែវិច្ឆិកាខាងមុខ ដោយកម្ពុជា ស្ថិតក្នុងពូលA ប្រជុំដោយក្រុមជើងខ្លាំង រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ។ ចំណែកប្រកួតបើកឆាកកម្ពុជា ត្រូវជួបម៉ាឡេស៊ីមុនគេ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់