ក្ដៅៗ! អតីតគ្រូគោព្រៃកម្ពុជា បដិសេធព័ត៌មានចូលកាន់តំណែងគ្រូបង្វឹកភ្នំពេញក្រោន!

នូ មករា October 23, 2018


ភ្នំពេញ៖ លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានធ្វើការបដិសេធភ្លាមៗ ដោយអះអាងថា ខ្លួនមិនមានការចុះកិច្ចសន្យា ឬព្រមព្រៀងដឹកនាំក្លឹបណាមួយ នៃលីគកំពូលកម្ពុជាឡើយ ។ អ្វីដែលសំខាន់ គឺលោកផ្ដោតលើកៅអីគ្រូបង្វឹកថ្មី នៃក្រុមភ្នំពេញក្រោនតែម្ដង បន្ទាប់ពីមានការលើកឡើងថា កៅអីគ្រូបង្វឹកកំពុងឡើងកម្ដៅមួយនេះ មានគ្រូបង្វឹក ៣រូបអាចនឹងអង្គុយនារដូវកាលថ្មី ក្នុងនោះក៏មានវត្តមានបុរសជនជាតិកូរ៉េរូបនេះដែរ ។
 
គ្រូបង្វឹកទទួលបានការទុកចិត្តឲ្យដឹកនាំក្រុមយុវជន U15 នៃសាលាបាល់ទាត់ជាតិបាទីរូបនេះ បានសរសេរសារលើបណ្ដាញសង្គមរបស់ខ្លួនថា៖ «ខ្ញុំមិនមានការពិភាក្សារឿងកិច្ចសន្យាជាមួយក្លឹបណាមួយនៅកម្ពុជានោះទេ ដូច្នេះសូមកុំយល់ច្រឡំ ចំពោះខ្ញុំអី!» ។ ការចេញមុខអះអាង នៅរសៀលថ្ងៃទី២៣ ខែតុលានេះ ក៏ផ្ដើមចេញពីការផ្ទុះព័ត៌មានមួយចំនួនថា លោក Lee ក៏ជាបេក្ខភាពម្នាក់ ក្នុងការប្រជែងកៅអីគ្រូបង្វឹកក្លឹបភ្នំពេញក្រោន នារដូវកាលថ្មីខាងមុខផងដែរ ។
អ្វីដែលសំខាន់ គឺការបញ្ជាក់របស់លោក Lee Tae Hoon កើតឡើង ស្របពេលក្លឹបភ្នំពេញក្រោន ត្រៀមធ្វើសន្និសីទសារព័ត៌មាន ស្ដីពីដំណើរវិវត្តន៍ថ្មីៗរបស់ក្លឹប និងការត្រៀមរដូវកាលថ្មី ឆ្នាំ២០១៩ ។ ក្នុងសន្និសីទសារព័ត៌មាននេះ ត្រូវបានមហាជន ពិសេសអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ដាក់ការសង្ស័យថា ក៏អាចពាក់ព័ន្ធនឹងការបង្ហាញសមាសភាពគ្រូបង្វឹកថ្មីរបស់ក្លឹបភ្នំពេញក្រោនផងដែរ ។ តែយ៉ាងណាលោក Lee បានបញ្ជាក់ហើយថា លោកមិនមានពាក់ព័ន្ធរឿងចុះកិច្ចសន្យាជាមួយក្លឹបណាមួយឡើយ ៕
អត្ថបទ៖ បុត្រា

មតិយោបល់