អាណាចក្របៃតង រក្សាជំហរមិនចូលលីគ ក្រោយលើកពានសម្ដេច ហេង សំរិន ២ឆ្នាំជាប់គ្នា

នូ មករា October 23, 2018


ភ្នំពេញ៖ ក្រុមអាណាចក្របៃតង បានយកឈ្នះក្រុមធីអិនកណ្ដាល ដោយលទ្ធផល ១-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ដើម្បីការពារតំណែងជើងឯកពានរង្វាន់ “សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន” រដូវកាលទី២ កាលពីចុងសប្ដាហ៍កន្លងទៅ ។ ប៉ុន្ដែទោះបីក្រុមកម្រិតពាក់កណ្ដាលអាជីពនេះ បានឈ្នះពាន ២ឆ្នាំជាប់គ្នាក្ដី តែស្ថាបនិកក្រុមលោក ម៉ុក ច័ន្ទករុណា បានរក្សាជំហរមិនចូលលេងលីគកំពូល ឬលីគទី២ របស់កម្ពុជាឡើយ ។

លោក ម៉ុក ច័ន្ទករុណា បានសាទរ និងអរគុណក្រៃលែង ចំពោះកូនក្រុមខ្លួន ដែលធ្វើបានយ៉ាងល្អក្នុងវគ្គផ្ដាច់ព្រ័ត្រ ព្រោះធីអិនកណ្ដាល ក៏ជាក្រុមមួយខ្លាំង ។ ដូច្នេះទោះបីឈ្នះ ១-០ តែលោកពិតជាសប្បាយចិត្ត ។ អ្វីដែលសំខាន់ គឺលោកមានមោទកភាព សម្រាប់ការលើកពានជាលើកទី២ ដែលនឹងក្លាយជាកត្ដាមួយជំរុញឲ្យយុវជន ពិសេសយុវជនរាជធានីភ្នំពេញចូលរួមលេងកីឡាកាន់តែច្រើន តាមរយៈគំរូរបស់កីឡាករក្រុមអាណាចក្របៃតង ដែលតំណាងឲ្យក្រុមសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ។

 

ប៉ុន្ដែនិយាយពីផែនការអនាគត ចំពោះក្រុមអាណាចក្របៃតង ពាក់ព័ន្ធនឹងការសម្លឹងកៅអីលីគកំពូល ឬលីគទី២ ស្ថាបនិកក្រុមដដែល បានបញ្ជាក់ថា លោកមិនប៉ងចូលលេងឡើយ ព្រោះអ្វីដែលក្រុមអាណាចក្របៃតងផ្ដោតសំខាន់បច្ចុប្បន្ន គឺការគៀងគរយុវជនចូលរួមលេងកីឡា និងការផ្ដល់ឱកាសឲ្យពួកគេបានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ជាមួយពានរង្វាន់កម្រិតពាក់កណ្ដាលអាជីពផ្សេងៗ ហើយពួកគេមានឱកាសលេងស្មើៗគ្នា ។
 
គួរបញ្ជាក់ថា សម្រាប់ពិធីបិទការប្រកួតពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ខាងលើ បានធ្វើឡើង ក្រោមវត្តមានលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា និងជាប្រធានក្រុមទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា ។ ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមសម្ដេចអគ្គមហាពញាចក្រី លោកបាននាំយកថវិកាចំនួន ១ម៉ឺនដុល្លារឧបត្ថម្ភដល់គណៈកម្មការរៀបចំ និងក្រុមជ័យលាភី ក្នុងនោះ ៥ពាន់ដុល្លារ គឺផ្ដល់ជូនសម្រាប់រៀបចំអាហារសាមគ្គី ។
 
ដោយឡែកក្រុមជ័យលាភី គឺក្រុមជើងឯកអាណាចក្របៃតង ទទួលបានប្រាក់រង្វាន់ ៣២លានរៀល និងប្រាក់ឧបត្ថម្ភរបស់សម្ដេច ហេង សំរិន ចំនួន ២ពាន់ដុល្លារ, ក្រុមជើងឯករង ធីអិនកណ្ដាល ទទួលបាន ២០លានរៀល និងប្រាក់ឧបត្ថម្ភ ១ពាន់ដុល្លារ ខណៈក្រុមលេខ៣ គឺក្រុមពិស្ណុការ ទទួលបាន ១៤លានរៀល និងប្រាក់ឧបត្ថម្ភ ១ពាន់ដុល្លារ ។ រីក្រុម Fair-Play បានទៅក្រុមពិស្ណុកា ទទួលបានប្រាក់រង្វាន់ ៦លានរៀល ខណៈអ្នកចាំទីល្អ បានទៅកីឡាករ ហាន់ មាន របស់ក្រុមអាណាចក្របៃតង និងកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ គឺកីឡាករ នុត ស៊ីនួន របស់ក្រុមធីអិនកណ្ដាល រកបាន ១២គ្រាប់ទទួលបានប្រាក់រង្វាន់ ២លានរៀលស្មើគ្នា ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់