ស្វាយរៀង ចែកផ្លូវជាមួយកីឡាករជាង ១០នាក់ ក្រោយចប់លីគ និងពានសម្ដេចតេជោ

នូ មករា October 23, 2018


ភ្នំពេញ៖ ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ គេឃើញក្រុមចាស់វស្សា ព្រះខ័នរាជស្វាយរៀង បានធ្វើការជម្រុះកីឡាករទ្រង់ទ្រាយធំតែម្ដង តាមរយៈការប្រកាសចែកផ្លូវជាមួយកីឡាករលើបណ្ដាញសង្គមរបស់ខ្លួនជាបន្ដបន្ទាប់ ពោលបើគិតត្រឹមថ្ងៃទី២២ ខែតុលាម្សិលមិញ មានកីឡាករទាំងខ្មែរ និងបរទេសចំនួន ១៣នាក់ហើយ ត្រូវបានចាកចេញ ។
ចំពោះកីឡាករត្រូវបានអតីតក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៤សម័យកាលប្រកាសចែកផ្លូវជាមួយ រួមមានកីឡាករ លី សារ័ត្ន, ប្រាក់ សុវណ្ណពិសិដ្ឋ, ម៉ន កក្កដា, ផួង សុខរក្សា, កែវ សារ៉េត, ផក សិហា, ទេព វាសនាកុមារពិទូរ្យ, គី ប៉ៀងហៀង, យី ប៊ុនហេង និង អ៊ឹម រិទ្ធា ដោយពួកគេសុទ្ធតែជាកីឡាករកើតចេញពីថ្នាលយុវជនផ្ទាល់របស់ក្លឹប និងបានរួមរស់ជាមួយក្លឹបក្បែរ ១០ឆ្នាំដូចគ្នា ។ បន្ថែមលើនេះ ក៏មានកីឡាករបរទេស ៣រូបត្រូវដើរចេញ ក្រោយក្លឹបមិនបន្ដកុងត្រាផងដែរ រួមមាន កីឡាករប្រេស៊ីល Sergio Barboza និងកីឡាករជប៉ុន Ryota Ishikawa និង Asnin Dzmitry ។
គួរបញ្ជាក់ថា រដូវកាលឆ្នាំ២០១៨ កន្លងទៅ ក្រុមព្រះខ័នរាជស្វាយរៀង ហាក់មិនទទួលបានលទ្ធផលសមប្រកបដូចឆ្នាំមុនៗនោះទេ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Conor Nester ក្នុងនោះពួកគេបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ជាមួយលទ្ធផល ២២ប្រកួតឈ្នះ១០ ស្មើ៣ និងចាញ់ ៩ប្រកួត ខណៈពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ព្រះខ័នរាជស្វាយរៀង បានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមក្រសួងការពារជាតិ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់