សហព័ន្ធបាល់ទាត់កម្ពុជា ប្រកាសទទួលពាក្យប្រកួតលីគ U13 ឆ្នាំ២០១៨

នូ មករា October 22, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសទទួលពាក្យក្រុមចូលរួមប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៣ឆ្នាំ ឆ្នាំ២០១៨ ហើយ ដែលនឹងធ្វើឡើង នៅទីលានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី នាពេលឆាប់ៗខាងមុខ ។ យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ បានបញ្ជាក់ថា សហព័ន្ធចាប់ផ្ដើមទទួលពាក្យពីឥលូវរហូតដល់ថ្ងៃទី១២ ខែវិច្ឆិកាខាងមុខ ដោយនឹងអនុញ្ញាតឲ្យក្រុមចំនួន ៣២ក្រុមចូលរួម ។ ប៉ុន្ដែកាលបរិច្ឆេទប្រកួត នៅមិនទាន់កំណត់នោះទេ ដោយសហព័ន្ធនឹងធ្វើការជូនដំណឹងតាមក្រោយ ។

ក្រឡេកមកចាប់អារម្មណ៍លក្ខខណ្ឌចូលរួមវិញ ក្រុមនីមួយៗ ត្រូវជាក្រុមតំណាងខេត្តទាំង ២៤និងរាជធានី ក៏ដូចជាក្រុមស្ថិតក្រោមគម្រោងអភិវឌ្ឍន៍របស់សហព័ន្ធ ក្រុមយុវជនមកពីក្លឹបសមាជិកសហព័ន្ធ ក្រុមតំណាងសមាគម ស្ថាប័ន អង្គការសង្គម និងក្រុមទទួលបានការអញ្ជើញផ្ទាល់ពីសហព័ន្ធ ។

តាមរយៈការប្រកួតលីគ U13 នេះដែរ សហព័ន្ធក៏មានគម្រោងនឹងធ្វើការជ្រើសរើសយុវជនមានសមត្ថភាព និងទេពកោសល្យល្អ ចូលរួមបណ្ដុះបណ្ដាលក្នុងសាលាបាល់ទាត់ជាតិបាទី ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករអាជីព នាថ្ងៃអនាគតផងដែរ បន្ទាប់ពីសហព័ន្ធបានប្រកាសរំសាយកីឡាករចំនួន ១៦នាក់ កាលពីពេលថ្មីៗ ៕

អត្ថបទ៖ បុត្រា

មតិយោបល់