អតីតខ្សែប្រយុទ្ធជម្រើសជាតិ កែវ សុខង៉ន នឹងក្លាយជាអ្នកចាត់ការក្រុមមួយនៅលីគកំពូលរដូវកាលថ្មី

នូ មករា October 22, 2018


ភ្នំពេញ៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា កែវ សុខង៉ន ដែលបានបាត់មុខពីទីលានកាលពីរដូវកាលឆ្នាំ២០១៨នេះ បានវិលមកវិញជាមួួយនឹងការបង្ហើបឱ្យដឹងថា រូបគេអាចនឹងក្លាយជាអ្នកចាត់ការក្រុមឈុតធំ (Team Manager) របស់ក្លឹបបាល់ទាត់មួយនៅលីគកំពូលកម្ពុជានារដូវកាលក្រោយពោលគឺមិនមែនជាកីឡាករអាជីពបន្តទៀតឡើយ ខណៈដែលវ័យកាន់តែជ្រេ និងមានភារកិច្ចច្រើនក្នុងកិច្ចការជំនួញផ្ទាល់ខ្លួននោះ ។ ប្រភពដដែលបានបន្ថែមថា មកទល់ពេលនេះសាមីខ្លួន និងភាគីក្លឹបបានព្រមព្រៀងគ្នារួចរាល់ហើយ និងរង់ចាំតែការប្រកាសជាផ្លូវការប៉ុនណោះ ។

សូមបញ្ជាក់ថា កែវ សុខង៉ន ដែលជាបងប្រុសបង្កើតរបស់ខ្សែប្រយុទ្ធវ័យក្មេង កែវ សុខផេង ធ្លាប់បានចូលរួមជាមួយក្រុមជម្រើសជាតិតាំងពីកម្រិតយុវជន រហូតដល់ដល់ឈុតធំកាលពីប៉ុន្មានឆ្នាំមុន ព្រមទាំងធ្លាប់មានប្រវត្តិលេងឲ្យក្លឹបភ្នំពេញក្រោននិងបានជួយឲ្យក្លឹបបានឈ្នះពានលីគកំពូលកម្ពុជាបាន ២លើក ព្រមទាំងពានសម្តេចតេជោហ៊ុន សែន បាន ២លើកផងដែរ មុននឹងចាកចេញទៅប្រកបអាជីពអស់រយៈពេល ១ឆ្នាំនៅក្លឹប Samut Sakhon ក្នុងប្រទេសថៃ ។

ក្រោយមកកីឡាករមានប្រភពមកពីខេត្តក្រចេះរូបនេះ បានវិលត្រលប់មកប្រទេសកម្ពុជាវិញនាឆ្នាំ២០១២ និងបានចូលលេងនៅក្លឹបបឹងកេត ដោយបានជួយឲ្យក្លឹបថ្មីនេះបានឈ្នះពានលីគកំពូលកម្ពុជាជាលើកដំបូងផងដែរ ។ យ៉ាងណាក៏ដោយ កីឡាកររូបនេះបានវិលមកចូលរួមជាមួយក្លឹបភ្នំពេញក្រោនសារជាថ្មីក្នុងឆ្នាំ២០១៥ ជាមួយប្អូនប្រុស កែវ សុខផេង និងបានរួមចំណែកជួយឲ្យក្លឹបបានឈ្នះពានលីគកំពូលម្តងទៀតដែលជាជ័យជម្នះលើកទី៤ សម្រាប់រូបគេផ្ទាល់ ថែមទាំងត្រូវបានអតីតគ្រូជម្រើសជាតិ Leonardo Vitorino ជ្រើសរើសចូលក្រុមជម្រើសជាតិកាលអំឡុងខែមិថុនា ឆ្នាំ២០១៧កន្លងមក មុននឹងឃ្លាតឆ្ងាយពីទីលាននៅរដូវកាលនេះដោយបានប្តូរមកធ្វើជំនួញសាងសង់ទីលានបាល់ទាត់វិញ ៕

អត្ថបទ៖ មករា

មតិយោបល់