អតីតគ្រូធំគោព្រៃកម្ពុជា លោក Leonardo ប្រកាសថា អាសុីគឺជាគោលដៅរបស់ខ្លួនសម្រាប់ឆ្នាំ២០១៩!

នូ មករា October 22, 2018


ភ្នំពេញ៖ លោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីយប់មិញថា រូបលោកបានកំណត់រួចជាស្រេចហើយថា ទ្វីបអាសុីគឺជាគោលដៅរបស់លោកសម្រាប់ឆ្នាំ២០១៩ខាងមុខនេះ ប៉ុន្តែលោកមិនបានបង្ហើបឱ្យដឹងថាលោកនឹងធ្វើដំណើរទៅកាន់ប្រទេសណាមួយដើម្បីដឹកនាំក្រុមជម្រើសជាតិ ឬក្លឹបណាមួយនោះទេ ដោយបានត្រឹមតែបញ្ជាក់ថា អ្វីៗនឹងបានដឹងច្បាស់នៅក្នុងសប្តាហ៍នេះតែម្តង ។

គ្រូបង្វឹកជនជាតិប្រេសុីលរូបនេះបានបន្ថែមថា លោកបានសម្រេចចិត្តច្បាស់ហើយថា លោកនឹងវិលត្រលប់មកកាន់តំបន់អាសុីសារជាថ្មីបន្ទាប់ពីបានលាឈប់ពីតំណែងនាយកបច្ចេកទេសក្លឹប Ceará Sporting Club រួចមក បើទោះបីជាថ្នាក់ដឹកនាំរបស់ក្លឹបប្រេសុីលនេះបានស្នើឱ្យលោកបន្តបំពេញតួនាទីពេញមួយរដូវកាលក្រោយទៀតក៏ដោយ ។ សូមបញ្ជាក់ថា លោក Leonardo ធ្លាប់បានលើកឡើងថា លោករីករាយចំពោះការផ្លាស់ប្តូរនេះ ព្រោះអាសុីគឺជាទីដែលលោកបានសាងប្រជាប្រិយក្នុងពេលដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាក្រុម Lanexang United របស់ឡាវ ព្រមទាំងធ្លាប់បំពេញការងារនៅក្លឹប Buriram United របស់ថៃផងនោះ ៕

អត្ថបទ៖ មករា

 

មតិយោបល់