ជារី ចន្ថាប៊ីន បង្ហាញទង់ជាតិកម្ពុជាដោយមោទកភាពក្រោយ Terengganu ឡើងវគ្គផ្តាច់ព្រ័ត្រ Malaysia Cup យប់មិញ

នូ មករា October 21, 2018


ម៉ាឡេសុី៖ កីឡាករសញ្ជាតិខ្មែរ-បារាំង ជារី ចន្ថាប៊ីន ដែលកំពុងតែបង្ហាញភាពលេចធ្លោ និងមានប្រជាប្រិយនៅក្នុងលីគកំពូលម៉ាឡេសុីនោះ បានធ្វើរឿងគួរឱ្យកោតសរសើរមួយកាលពីយប់មិញដោយរូបគេបានលើកបង្ហាញទង់ជាតិកម្ពុជាប្រកបដោយមោទកភាពក្រោយពីរូបគេបានជួយឱ្យក្រុម Terengganu បានយកឈ្នះក្រុមខ្លាំង Johor Darul Takzim ដើម្បីដណ្តើមសិទ្ធិឡើងវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Malaysia Cup រួចមក ។

មិនត្រឹមតែប៉ុនណោះ សមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះបានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖ “មិនថាខ្ញុំទៅដល់ទីណា ខ្ញុំតែងតែមានមោទកភាពដែលបានតំណាងប្រទេសជាទីស្រលាញ់របស់ខ្ញុំ – Whenever I go I’m proud to represent my beloved country” ។ សូមបញ្ជាក់ថា ជារី ចន្ថាប៊ីន ត្រូវបានជាប់ឈ្មោះជាកីឡាករបាល់ទាត់បរទេសមួយរូបដែលកំពុងទទួលបានជោគជ័យក្នុងលីគម៉ាឡេសុីនាឆ្នាំ២០១៨​នេះ ជាងនេះទៅទៀត រូបគេក៏ជាកីឡាករកម្ពុជាដំបូងគេហើយដែលបានជួយក្រុមឱ្យឡើងដល់វគ្គផ្តាច់ព្រ័ត្រ Malaysia Cup ដែលជាពានដ៏មានវ័យចំណាស់និងធំលំដាប់ទី២ នៅប្រទេសម៉ាឡេសុីបន្ទាប់ពី Malaysia FA Cup នោះ ៕

 

មតិយោបល់