ភ្នំពេញក្រោន គ្រោងចេញទៅប្រកួតពានអន្តរជាតិមួយនៅប្រទេសថៃនាដើមឆ្នាំក្រោយ!

នូ មករា October 21, 2018


ភ្នំពេញ៖ យោងតាមប្រភពជិតស្និទ្ធនឹងក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបង្ហើបឱ្យដឹងថា ក្រុមជើងឯក ៦សម័យកាលនៃលីគកំពូលកម្ពុជានេះទើបតែបានទទួលសំណើរពីក្រុមហ៊ុនស្រាបៀរដ៏ធំមួយដើម្បីចូលរួមប្រកួតប្រជែងពានអន្តរជាតិនៅក្នុងប្រទេសថៃនាដើមឆ្នាំ២០១៩ ខាងមុខដែលព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ក្រុមចំនួន ១២នៅលីគកំពូលថៃ និង ៤ក្រុមផ្សេងទៀតតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ។

ប្រភពខាងលើបានបន្ថែមថា ការប្រកួតនេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលត្រូវបានរៀបចំ​ឡើងក្នុងគោលដៅឱ្យក្រុមទាំង ១៦បានពង្រឹងសមត្ថភាពតាមរយៈការប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងដំណាក់កាលត្រៀមខ្លួនសម្រាប់រដូវកាលថ្មីនៃលីគតាមបណ្តាប្រទេសនីមួយៗនោះ ។ យ៉ាងណាក៏ដោយ ចំពោះក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឆ្លងកាត់ការពិភាក្សាផ្ទៃក្នុងរួចរាល់ហើយប៉ុន្តែពុំទាន់មានការប្រកាសជាសាធារណៈនៅឡើយទេ ខណៈដែលប្រភពដដែលបានអះអាងថា ថ្នាក់ដឹកនាំក្លឹបបានយល់ព្រមចំពោះសំណើរខាងលើរួចរាល់ហើយដោយគ្រោងនឹងរៀបចំសន្និសីទកាសែតដើម្បីប្រកាសជាផ្លូវការតែម្តងនាសប្តាហ៍ក្រោយនេះ ៕

អត្ថបទ៖ មករា

មតិយោបល់