ផ្លូវការ! បញ្ជីឈ្មោះក្រុមគោព្រៃត្រៀមពាន Suzuki Cup ចេញហើយ ដោយថែម សៀង ចន្ធា ម្នាក់គត់!

នូ មករា October 20, 2018


ភ្នំពេញ៖ ទីបំផុតបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ត្រៀមពានរង្វាន់ AFF Suzuki Cup 2018 ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចេញជាផ្លូវការហើយ ដោយលោក Felix បានកោះហៅសមាជិកថ្មីតែម្នាក់គត់ គឺកីឡាករ សៀង ចន្ធា មកពីសាលាបាល់ទាត់ជាតិបាទី ខណៈកីឡាករចំនួន ២៤នាក់ ដែលបានប្រមូលផ្ដុំហ្វឹកហាត់ និងធ្វើការប្រកួតមិត្តភាព ២ប្រកួតចុងក្រោយកន្លងមក គឺរក្សានៅដដែល ។
 
នេះគឺជាលើកដំបូងហើយ ដែល សៀង ចន្ធា ត្រូវបានកោះហៅចូលរួមជាមួយក្រុមឈុតធំជម្រើសជាតិកម្ពុជា បន្ទាប់ពីរូបគេ បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ជាមួយក្រុមសាលាបាល់ទាត់ជាតិបាទី និងក្រុមជម្រើសជាតិយុវជន កាលពីពេលកន្លងមក ។ តាមរយៈការផ្ដល់ឱកាសដល់ខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំរូបនេះ គឺជាឱកាសដ៏ល្អសម្រាប់ សៀង ចន្ធា បង្ហាញនូវទេពកោសល្យ និងពង្រឹងសមត្ថភាពកាន់តែល្អប្រសើរថែមទៀត ។
 

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា គឺស្ថិតក្នុងពូលA នៃពានរង្វាន់ AFF Suzuki Cup 2018 ដោយមានគូប្រជែងខ្លាំងៗក្នុងពូលចំនួន ៤ប្រទេស រួមមានក្រុមជម្រើសជាតិវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ។ ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ខណៈប្រកួតបើកឆាកមុនគេ គឺកម្ពុជា បើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិម៉ាឡេស៊ី ។ មុនការប្រកួតផ្លូវការមកដល់កម្ពុជា ធ្លាប់បានប្រកួតមិត្តភាព ៣ប្រកួតមកហើយ ក្នុងនោះចាញ់ម៉ាឡេស៊ី ៣-១, ចាញ់សិង្ហបុរី ២-១ និងស្មើទីម័រខាងកើត ២-២ ៕

 

អត្ថបទ៖ បុត្រា

 

មតិយោបល់