មូលហេតុដែល សៀង ចន្ធា មិនត្រូវបានរំសាយពីក្រុមយុវជនបាទី ត្រូវបានទម្លាយ!

នូ មករា October 19, 2018


ភ្នំពេញ៖ ទីបំផុតមន្ទិលរបស់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា រឿងគ្មានវត្តមានកីឡាករ សៀង ចន្ធា ក្នុងចំណោមកីឡាករចំនួន ១៦នាក់ ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើការប្រកាសរំសាយពីក្រុមសាលាបាល់ទាត់ជាតិបាទី កាលពីពេលថ្មីៗ ត្រូវបានថ្នាក់ដឹកនាំសហព័ន្ធ បញ្ជាក់ច្បាស់ហើយ គឺដោយសារសហព័ន្ធចង់បណ្ដុះបណ្ដាលរូបគេឲ្យកាន់តែខ្លាំងបន្ថែមទៀត ។ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ដោយសារ ចន្ធា នៅក្មេង ស្របពេលបច្ចេកទេស និងបទពិសោធន៍ជាមួយក្លឹប ហាក់នៅក្មេងខ្ចីនៅឡើយ ទើបសហព័ន្ធចង់ទុកគេបណ្ដុះបណ្ដាលបន្ថែម ។ ម្យ៉ាងក៏ដោយសារសហព័ន្ធមើលឃើញ ចន្ធា គឺជាទំពាំងដ៏ល្អ និងចង់ទុកគេដឹកនាំកីឡាករយុវជន នៃក្រុមសាលាបាល់ទាត់ជាតិបាទីជំនាន់ក្រោយលេងសិនដែរ ។
អតីតនាយកសាលាបាល់ទាត់ជាតិបាទីរូបនេះបានលើកឡើង៖ «ដោយសារ សៀង ចន្ធា អាយុគាត់នៅតិច អុីចឹងទេ បើយើងនិយាយពីក្រឹត្យក្រមនៃការហ្វឹកហាត់បច្ចេកទេសបាល់ទាត់ គឺគាត់អាចនឹងទទួលយកនូវបទពិសោធន៍ថ្មីៗបន្ដទៀត មុននឹងឈានទៅនៅក្លឹប ព្រោះបើគាត់ទៅក្លឹប គាត់ហាក់ដូចជាខ្ចី ផ្នែកកម្រិតបច្ចេកទេស ។ អុីចឹងយើងចង់ទុកគាត់ បណ្ដុះបណ្ដាលគាត់ឲ្យគ្រប់តែម្ដង ពាក់ព័ន្ធនឹងបច្ចេកទេសបាល់ទាត់» ។
លោកបានបន្ដថា៖ «អាយុគាត់ គឺអាចនៅជួយដល់ក្រុមយុវជនជំនាន់ក្រោយៗ និយាយទៅ ពេលយើងត្រូវការ យើងអាចយកគាត់ទៅលេងបានភ្លាមៗ ។ គាត់គឺជាកម្លាំងមួយ ដែលយើងមើលឃើញថា ជាទំពាំងមួយកំពុងតែល្អ យើងកំពុងតែស្រលាញ់ យើងទុកសឹងតែថា បើសិនយើងមានលទ្ធភាព យើងចង់ចិញ្ចឹមគាត់ ឲ្យរៀនឲ្យអី បានយូរជាងគេជាងឯងហ្មង ។ ប៉ុន្ដែមិនមែននិយាយតែចំពោះ សៀង ចន្ធា ទេ គឺអ្នកល្អៗយើងស្រលាញ់ដូចគ្នា តែបើចប់ថ្នាក់ទី១២ ហើយ យើងក៏មិនអាចឃាត់បានដែរ» ។
 
គួរបញ្ជាក់ថា បច្ចុប្បន្នខ្សែប្រយុទ្ធវ័យក្មេងដែលជាម្ចាស់ស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ាន ឬ AFF​ U16 2017 និងមានមុខស្រដៀងរៀមច្បង ឃឹម បូរី គឺកីឡាករ សៀង ចន្ធា ទើបមានវ័យ ១៧ឆ្នាំប៉ុណ្ណោះ ហើយចូលសិក្សាឆ្នាំថ្មី នាពេលឆាប់ៗខាងមុខ ចន្ធា ត្រូវចូលរៀនថ្នាក់ទី១២ ។ ហេតុនេះ បានន័យថា ចន្ធា សល់ឱកាសជួយក្រុមសាលាបាល់ទាត់ជាតិបាទីតែ ១ឆ្នាំទៀតប៉ុណ្ណោះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់