ប្រៀបធៀបលទ្ធផល ៣ប្រកួតដំបូងរបស់កម្ពុជា ក្រោមការដឹកនាំដោយលោក Leonardo និង Honda

នូ មករា October 19, 2018


ភ្នំពេញ៖ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការផ្លាស់ប្ដូរនូវសមាសភាពគ្រូបង្វឹក នៃក្រុមជម្រើសជាតិកម្ពុជា ថ្ងៃនេះក្រុមការងារយើងខ្ញុំ សូមនាំបងប្អូនអ្នកគាំទ្រ ងាកមកចាប់អារម្មណ៍ជាមួយនឹងលទ្ធផល ៣ប្រកួតដំបូងរបស់ក្រុមគោព្រៃកម្ពុជា ដែលដឹកនាំដោយក្រុមការងារគ្រូបច្ចុប្បន្ន ដែលមានលោក Keisuke Honda ជាអ្នកចាត់ការទូទៅ និងកាលដឹកនាំដោយអតីតគ្រូបង្វឹក លោក Leonardo Vitorino ដែលបានដឹកនាំកាលពីឆ្នាំ២០១៧ កន្លងមក ។

គួររំលឹកថា លោក Leonardo បានចូលដឹកនាំក្រុមគោព្រៃកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ។ ចំពោះលទ្ធផល ៣ប្រកួតដំបូងរបស់លោក សុទ្ធតែបរាជ័យ រួមមានប្រកួតមិត្តភាព ២ប្រកួតចាញ់ក្រុមភ្ញៀវឥណ្ឌា ៣-២ នៅថ្ងៃទី២២ ខែមីនា និងចាញ់ឥណ្ឌូនេស៊ី ២-០ នៅថ្ងៃទី០៨ ខែមិថុនា ចំណែកឯមួយប្រកួតទៀត គឺចាញ់ក្រុមជម្រើសជាតិហ្សកដានី ដោយលទ្ធផល ៧-០ ក្នុងជំនួបវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 កាលពីថ្ងៃទី២៨ ខែមីនា លើទឹកដីប្រទេសគៀជីសស្ថាន ។
ដោយឡែកលទ្ធផល ក្រោមការដឹកនាំរបស់លោក Honda ដោយមានលោក Felix ជាគ្រូបង្វឹកផ្ទាល់ ទើបចូលកាន់តំណែងកាលពីថ្ងៃទី១២ ខែសីហា សម្រាប់ ៣ប្រកួតដំបូង សុទ្ធតែជាជំនួបមិត្តភាព ក្នុងនោះបានបញ្ចប់ដោយលទ្ធផលបរាជ័យ ២ប្រកួត និងស្មើ ១ប្រកួត រួមមានចាញ់ម៉ាឡេស៊ី ៣-១,ចាញ់សិង្ហបុរី ២-១ និងស្មើទីម័រខាងកើត ២-២ ។ បើប្រៀបធៀបលទ្ធផលខាងលើ ឃើញថា ខុសគ្នាតែ ១ប្រកួតប៉ុណ្ណោះ ខណៈគោលដៅ ក៏ដូចជាផែនការដឹកនាំរបស់គ្រូបង្វឹកទាំងពីរ ហាក់មិនសូវខុសគ្នានោះទេ គឺផ្ដោតលើយុវជនមានសមត្ថភាពដូចគ្នា ។
គួរបញ្ជាក់ថា ចំពោះមុខរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងរជ្ជកាលលោក Honda ពេលនេះ គឺត្រូវត្រៀមខ្លួនប្រកួតប្រជែងក្នុងពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងចូលមកដល់នាខែវិច្ឆិកាខាងមុខ ដោយកម្ពុជា ស្ថិតក្នុងពូលA ជាមួយវៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឡាវ ។ ចំពោះប្រកួតបើកឆាក កម្ពុជា ត្រូវជួបម៉ាឡេស៊ីមុនគេ នាថ្ងៃទី០៨ ខែវិច្ឆិកា ។ ដូច្នេះចាំមើលតើលោក Felix អាចជួយឲ្យក្រុមគោព្រៃកម្ពុជា ស្គាល់ពាក្យឈ្នះលើកដំបូង ក្រោមការដឹកនាំរបស់ខ្លួន ឬក៏អត់? ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់