បែកធ្លាយ សុិន កក្កដា ប្តូរទៅវិសាខា អមដោយការផ្តល់ប្រាក់ខែមិនចាញ់កីឡាករជើងចាស់!

នូ មករា October 19, 2018


ភ្នំពេញ៖ បន្ទាប់ពីសាមីខ្លួនបានបង្ហាញតម្រុយពីការចុះកិច្ចសន្យាជាមួយក្លឹបថ្មីរួចមក ប្រភពព័ត៌មានជិតស្និទ្ធនឹងកីឡាករ សុិន កក្កដា បានបង្ហើបឱ្យដឹងថា ខ្សែបម្រើប្រយុទ្ធរូបនេះបានសម្រេចចិត្តចាកចេញពីក្លឹបភ្នំពេញក្រោន ជាទីដែលរូបគេបានចាប់ផ្តើមតាំងពីកម្រិតថ្នាលយុវជនហើយ ដោយបានប្តូរទៅចូលរួមជាមួយក្លឹបវិសាខាវិញសម្រាប់រដូវកាលថ្មីខាងមុខ ។

ប្រភពដដែលបានបន្តថា កីឡាករ សុិន កក្កដា បានយល់ព្រមជាមួយសំណើររបស់ក្លឹបថ្មីបន្ទាប់ពីកិច្ចសន្យាជាមួយក្រុមភ្នំពេញក្រោនត្រូវបានបញ្ចប់នារដូវកាលឆ្នាំ២០១៨នេះ ហើយខាងភាគីវិសាខាក៏បានតាមចែចូវចង់បានរូបគេយូរមកហើយដែរថែមទាំងបានផ្តល់ដល់កីឡាកររូបនេះនូវប្រាក់ខែច្រើនគួរសមមិនចាញ់កីឡាករជើងចាស់នោះទេ ។ សូមបញ្ជាក់ដែរថា កីឡាករកំពុងឡើងជើងរូបនេះបានទទួលការចាប់អារម្មណ៍ច្រើនពីមហាជនបន្ទាប់ពីរូបគេ បានបង្ហាញទម្រង់លេងដ៏ល្អនារដូវកាលនេះទាំងក្នុងក្រុមភ្នំពេញក្រោន ទាំងក្នុងក្រុមជម្រើសជាតិជាតិ ជាពិសេសកាលពីពាក់កណ្តាលឆ្នាំកន្លងមកក៏មានដំណឹងលេចលឺថា រូបគេត្រូវបានក្លឹបមួយនៅលីគទី៤ អាស្ប៉ាញចាប់អារម្មណ៍ ប៉ុន្តែបានបរាជ័យក្នុងការសម្ភាសន៍នៅស្ថានទូត ។

យ៉ាងណាក៏ដោយ ព័ត៌មានពីការចាកចេញរបស់កីឡាកររូបនេះមិនទាន់មានការបញ្ជាក់លម្អិតពីក្លឹបភ្នំពេញក្រោន ក្លឹបវិសាខា និងសាមីខ្លួននោះទេ ប៉ុន្តែប្រភពជិតស្និទ្ធនឹងរូបគេផ្ទាល់បានអះអាងថា ការព្រមព្រៀងរវាងក្លឹបថ្មី និងកីឡាករផ្ទាល់បានបញ្ចប់រួចរាល់ហើយ ដោយរង់ចាំតែការប្រកាសជាផ្លូវការប៉ុនណោះ ៕

អត្ថបទ៖ មករា

មតិយោបល់