ខ្សែបម្រើប្រយុទ្ធភ្នំពេញក្រោន ប្រាក់ ធីវ៉ា បដិសេធក្លឹប ២នៅថៃដើម្បីសម្រេចបំណងនៅខ្មែរសិន!

នូ មករា October 19, 2018


ភ្នំពេញ៖ សមាជិកវ័យក្មេងមួយរូបរបស់ក្រុមជម្រើសជាតិកម្ពុជា គឺកីឡាករ ប្រាក់ ធីវ៉ា ទើបតែត្រូវបានប្រភពភ្នាក់ងារដោះដូរកីឡាករមួយនៅក្នុងប្រទេសថៃ ទម្លាយព័ត៌មានឱ្យដឹងថា រូបគេបានស្ថិតនៅក្នុងការតាមប្រមាញ់របស់ក្លឹបបាល់ទាត់ ២នៅក្នុងប្រទេសថៃដែលបានទាក់ទងចង់ឱ្យរូបគេទៅធ្វើតេស្ត និងប្រកបអាជីពនៅទីនោះ ប៉ុន្តែសាមីខ្លួនបានបដិសេធចំពោះសំណើរទាំងនេះ និងបានសម្រេចចិត្តបន្តអាជីពនៅកម្ពុជាដើម្បីបំពេញក្តីប្រាថ្នា​របស់ខ្លួនជាមុនសិន  ។

ប្រាក់ ធីវ៉ា បានលើកឡើងថា៖ “ខ្ញុំបានសម្រេចចិត្តលេងនៅស្រុកខ្មែរបន្តទៀត ទោះបីជាខាងថៃបានផ្តល់ឱកាសឱ្យខ្ញុំក៏ដោយ ព្រោះខ្ញុំគិតថា បទពិសោធន៍នៅក្លឹបអាជីពត្រឹម ២ឆ្នាំកន្លងមកមិនទាន់គ្រប់គ្រាន់សម្រាប់ការចេញទៅលេងនៅក្រៅស្រុកទេ ដូច្នេះវាជាការល្អបើខ្ញុំអាចបន្តនៅលេងជាមួយភ្នំពេញក្រោនតទៀតដើម្បីពង្រឹងខ្លួនឯងទាំងក្នុងលីគ និងក្នុងក្រុមជម្រើសជាតិ​ ។” កីឡាកររូបនេះបានបន្ថែមថា៖ “ការចេញទៅលេងក្រៅស្រុកជាគោលដៅអនាគតរបស់ខ្ញុំ ប៉ុន្តែខ្ញុំចង់សម្រេចគោលបំណងជោគជ័យនៅក្នុងស្រុកជាមុនសិន ឬអាចថាយើងត្រូវឱ្យខ្លួនឯងខ្លាំងគ្រប់គ្រាន់ អុីចឹងយើងត្រូវខិតខំថែមទៀត ព្រោះចេញទៅក្រៅស្រុកយើងតែងជួបការលំបាក និងការប្រកួតប្រជែងថ្មីៗជាមួយកីឡាករបរទេស ដូច្នេះហើយខ្ញុំត្រូវតែប្រយ័ត្នក្នុងការសម្រេចចិត្ត ហើយការបន្តលេងនៅភ្នំពេញក្រោន គឺជារឿងល្អសម្រាប់ខ្ញុំពេលនេះ ។ ”

សូមបញ្ជាក់ថា តាមប្រភពព័ត៌មានពីប្រទេសថៃ និងពីសាមីខ្លួនផ្ទាល់បានឱ្យដឹងថា កាលពីឆ្នាំមុនក្លឹប Trat FC បានទាក់ទងរូបគេម្តងរួចមកហើយ  មុននឹងក្លឹប Chainat Hornbill បង្ហាញការចាប់អារម្មណ៍លើរូបគេនៅក្នុងឆ្នាំនេះ ខណៈដែលក្លឹបទាំង ២សុទ្ធតែត្រូវលេងនៅលីគកំពូលថៃនារដូវកាលក្រោយនេះដូចគ្នា ។ គួររំលឹកដែរថា ប្រាក់ ធីវ៉ា ដែលមានដើមកំណើតនៅខេត្តកោះកុងបានចូលសិក្សា និងលេងបាល់នៅក្នុងទឹកដីខេត្តត្រាតរបស់ថៃ មុននឹងបានទទួលការណែនាំពីឪពុកមាឱ្យមកធ្វើតេស្តសាកល្បងនៅក្លឹបភ្នំពេញក្រោនកាលពីអំឡុងឆ្នាំ២០១៦ ជាទីដែលរូបគេត្រូវបានជ្រើសរើសឱ្យចូលលេងក្នុងក្រុមឈុតធំរបស់ក្លឹបជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលនេះ ក្នុងវ័យត្រឹម ១៧ឆ្នាំនិងថែមទាំងត្រូវបាន លោក Leonardo អតីតគ្រូជម្រើសជាតិកម្ពុជាពេញចិត្ត ហើយដាក់បញ្ចូលក្នុងក្រុមជម្រើសជាតិតែម្តងទោះបីរូបគេបានបង្ហាញខ្លួនលើទីលានក្នុងរយៈពេលខ្លីក៏ដោយ ៕

អត្ថបទ៖ មករា

មតិយោបល់