ក្រុមបាល់ទាត់នៅប្រ៊ុយណេ ប្រកាសចង់ចូលរួមលេងនៅលីគកំពូលថៃ តាមគំរូលីគអង់គ្លេស!

នូ មករា October 19, 2018


ថៃ៖ យោងតាមការបញ្ជាក់ពី លោក Somyos Pumpanmuang ប្រធានសមាគមបាល់ទាត់ថៃ បានឱ្យដឹងថា មានក្រុមបាល់ទាត់មួយនៅក្នុងប្រទេសប្រ៊ុយណេ បានប្រកាសពីបំណងចង់ចូលរួមលេងនៅលីគកំពូលថៃ ឬ Toyota Thai League ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ខណៈដែលភាគីថៃ មិនទាន់បានសម្រេចចិត្តលើការស្នើសុំនេះទេ ប៉ុន្តែបានទទួលយកសំណើនេះដោយរីករាយហើយកំពុងធ្វើការពិចារណាយ៉ាងល្អិតល្អន់ និងបានលើកឡើងថា នេះមិនមែនជារឿងថ្មីនោះទេដោយហេតុថា នៅលីគកំពូលអង់គ្លេសក៏ធ្លាប់មានរឿងនេះកើតឡើងដែរ ដូចជាករណីក្លឹប Swansea City របស់ប្រទេសវេលស៍ ដែលធ្លាប់បានស្នើសុំ និងត្រូវបានយល់ព្រមឱ្យឡើងមកលេងនៅលីគកំពូលអង់គ្លេសរហូតដល់បច្ចុប្បន្នជាតឹកតាងស្រាប់ ។
  
ប្រមុខបាល់ទាត់ថៃរូបនេះបានបន្ថែមថា៖ “តាមពិតទៅភាគីប្រ៊ុយណេធ្លាប់បានស្នើតាំងពីឆ្នាំមុនម្ល៉េះ ប៉ុន្តែយើងត្រូវពិគ្រោះជាមួយក្លឹបរបស់ថៃលីគទាំងអស់ជាមុនសិនមុននឹងសម្រេចសេចក្តីលើរឿងនេះ ។ យ៉ាងណាក៏ដោយ ប្រការនេះគឺវាស្របទៅនឹងនយោបាយរបស់សមាគមបាល់ទាត់ថៃដែលមានបំណងចង់ប្រែក្លាយវិស័យបាល់ទាត់ក្នុងប្រទេសយើងឱ្យក្លាយជានប្រទេសឈានមុខគេក្នុងតំបន់អាស៊ាន ដូច្នេះយើងពិតជារីករាយចំពោះបំណងរបស់ប្រ៊ុយណេបែបនេះ តែវាទាមទារឱ្យមានការសិក្សាលម្អិតឱ្យបានត្រឹមត្រូវថាតើវាមានផលវិជ្ជមាន ឬផលវិបាកបែបណាខ្លះចំពោះក្លឹបទាំងអស់នៅលីគរបស់យើង និងអំពីយន្តការនានាដើម្បីដំណើរការវាឱ្យរលូនផងដែរ។”
លោកបានបញ្ជាក់ដែរថា៖ “យ៉ាងណាក៏ដោយ តាមគោលការណ៍របស់ AFC និង FIFA ការចូលរួមរបស់ក្លឹបបរទេសនៅលីគនៃប្រទេសមួយមិនអាចធ្វើឡើងដោយងាយៗបានឡើយ ពោលគឺយើងត្រូវផ្តល់អំណះអំណាងដល់​ AFC ពីហេតុផលដែលយើងទទួលយកក្លឹបបរទេស បន្ទាប់មក AFC ត្រូវបង្កើតគណៈកម្មការសិក្សាពីករណីនេះ រួចទើបបញ្ជូនរបាយការណ៍ទៅ FIFA ដើម្បីពិនិត្យពិចារណា ២លើកទៀតទើបអាចសម្រេចលទ្ធផលបែបណាបាន ដូច្នេះនីតិវិធីនេះមិនងាយស្រួលនោះទេ!” ។ បើតាមប្រធានសមាគមរូបនេះ ថៃមានការពេញចិត្តចំពោះបំណងរបស់ក្លឹបបាល់ទាត់នៅប្រ៊ុយណេ ប៉ុន្តែវាត្រូវការពេលវេលាបន្ថែមទៀតដើម្បីជជែកពិភាក្សាក៏ដូចជាការគាំទ្រពីសំណាក់បណ្តាក្លឹបនៅក្នុងលីគរបស់ខ្លួនជាមុនសិន ៕
អត្ថបទ៖ មករា

 

 

មតិយោបល់