តើ កែវ សុខផេង អាចជាប់ជម្រើសជាតិទេ ខណៈបញ្ជីឈ្មោះថ្មី នឹងចេញឆាប់ៗ?

នូ មករា October 19, 2018


ភ្នំពេញ៖ បន្ទាប់ពីអវត្តមានចំនួន ២ប្រកួតរបស់កីឡាករ កែវ សុខផេង អំឡុងពេលប្រមូលផ្ដុំហ្វឹកហាត់ និងប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិទីម័រខាងកើត និងសិង្ហបុរី កាលពីពេលថ្មីៗ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងលើរឿងនេះ ហើយ ក៏មានសំណួរចោទឡើងដែលថា តើសមាជិកក្លឹបវិសាខារូបនេះ អាចនឹងជាប់ជម្រើសជាតិថ្មី ដើម្បីត្រៀមពាន AFF Suzuki Cup នាពេលខាងមុខ ឬក៏អត់? បើតាមការបង្ហើបរបស់កីឡាករជម្រើសជាតិកម្ពុជា ១រូបបានឲ្យដឹងថា បញ្ជីឈ្មោះក្រុមគោព្រៃថ្មី អាចនឹងចេញថ្ងៃនេះ ឬស្អែក ព្រោះតាមគម្រោងក្រុមជម្រើសជាតិ នឹងត្រូវប្រមូលផ្ដុំហ្វឹកហាត់ នាល្ងាចថ្ងៃទី២០ ខែតុលាចុងសប្ដាហ៍នេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអាហ្សង់ទីនលោក Felix ។
ចំណែកវត្តមានអ្នកចាត់ការទូទៅក្រុមលោក Keisuke Honda នឹងមកចូលរួម ឬយ៉ាងណា មិនត្រូវបានទម្លាយឲ្យដឹងឡើយ ។ ប៉ុន្ដែអ្វីដែលគេទន្ទឹងរង់ចាំ គឺកីឡាករ កែវ សុខផេង តើរូបគេ អាចនឹងមានវាសនាត្រូវលោក Felix កោះហៅត្រៀមប្រកួតពានផ្លូវការឬទេ? កាលពីប្រកួតជាមួយទីម័រ និងសិង្ហបុរី សូម្បីតែឈ្មោះក្នុងបញ្ជីបម្រុង គឺគ្មានវត្តមាន កែវ សុខផេង ដែរ ។ ជុំវិញការអវត្តមានរបស់អតីតកីឡាករក្លឹបភ្នំពេញក្រោននេះ ត្រូវបានគ្រូបង្វឹកលោក Felix បកស្រាយនូវមូលហេតុ ២ ផ្សេងគ្នា បន្ទាប់ពីមានការជជីកសួរពីអ្នកសារព័ត៌មានក្នុងស្រុក ។
ចំពោះមូលហេតុគ្រូបង្វឹកក្រុមគោព្រៃកម្ពុជា ធ្លាប់បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងមូលហេតុអវត្តមាន កែវ សុខផេង ទី១៖ ក្រោយចប់ប្រកួតជាមួយក្រុមទីម័រ លោកអះអាងថា ដោយសារលោកចង់ផ្ដល់ឱកាសដល់កីឡាករវ័យក្មេង និងយុវជន បានបញ្ចេញសមត្ថភាព ទើបលោកមិនដាក់រូបគេចូលលេង ។ ទី២៖ ក្រោយចប់ប្រកួតជាមួយសិង្ហបុរី លោកបានបញ្ជាក់នូវមូលហេតុថ្មីមួយទៀត គឺដោយសារ សុខផេង ហ្វឹកហាត់ជាមួយក្រុមមិនបាន ១០០% ។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ នៅមិនទាន់មានការទាក់ទង ឬការបញ្ជាក់ណាមួយ ដែលសាមីខ្លួនផ្ទាល់ គឺកីឡាករ កែវ សុខផេង បកស្រាយច្បាស់ពាក់ព័ន្ធនឹងករណីខាងលើនោះទេ ។

ដូច្នេះអ្នកគាំទ្រ ក៏ដូចជាអ្នកតាមវិស័យកីឡា បានត្រឹមចាំអ៊ុត ថាតើលោក Felix អាចនឹងកោះហៅរូបគេ ចូលជម្រើសជាតិនាពេលខាងមុខ ឬក៏យ៉ាងណា ស្របពេលក្រុមគោព្រៃកម្ពុជា កំពុងត្រៀមប្រកួតពាន AFF Suzuki Cup 2018 នាខែវិច្ឆិកាខាងមុខ ដោយស្ថិតក្នុងពូលA ជាមួយវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ៕
អត្ថបទ៖ បុត្រា

មតិយោបល់