គ្រូកម្ពុជា បញ្ជាក់មូលហេតុអវត្តមាន កែវ សុខផេង សូម្បីក្នុងបញ្ជីបម្រុង!

នូ មករា October 17, 2018


ភ្នំពេញ៖ ទោះបីខ្សែប្រយុទ្ធជួរមុខ កែវ សុខផេង ត្រូវបានកោះហៅប្រមូលផ្ដុំក្រុមជម្រើសជាតិកម្ពុជា ក៏ពិតមែន ប៉ុន្ដែជំនួបមិត្តភាព ២ប្រកួតក្នុងរយៈពេល ៤ថ្ងៃ ពោលគឺជួបទីម័រខាងកើត និងសិង្ហបុរីយប់មិញ មិនមានវត្តមានកីឡាករមានដើមកំណើតពីខេត្តក្រចេះនេះចូលរួមនោះទេ សូម្បីតែឈ្មោះក្នុងបញ្ជីកីឡាករបម្រុងក៏ដោយ ។ ករណីនេះ បានចោទជាមន្ទិលយ៉ាងច្រើន សម្រាប់អ្នកគាំទ្រកម្ពុជា ។ ពាក់ព័ន្ធនឹងករណីនេះដែរ លោក Felix Agustin Gonzalez Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានបកស្រាយយ៉ាងខ្លីថា ដោយសារការហ្វឹកហាត់មិនបានគ្រប់គ្រាន់ ។

គ្រូជនជាតិអាហ្សង់ទីនរូបនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតមិត្តភាព ដោយចាញ់សិង្ហបុរី ២-១ យប់មិញថា៖ «ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយ កែវ សុខផេង គាត់មិនអាចហ្វឹកហាត់ ១០០% ជាមួយក្រុមបាន ចឹងខ្ញុំត្រូវជ្រើសរើសកីឡាករ អាចហ្វឹកហាត់ជាមួយក្រុមបាន សម្រាប់ការប្រកួត» ។

យ៉ាងណាមិញ ការបកស្រាយនេះ ហាក់មិនធ្វើឲ្យអ្នកគាំទ្រកម្ពុជាអស់មន្ទិលសង្ស័យ ជុំវិញករណីអវត្តមានកីឡាករ កែវ សុខផេង ដល់ ២ប្រកួតនោះទេ ត្បិតកន្លងមក ពោលគឺក្រោយចប់ការប្រកួតជាមួយទីម័រ កាលពីថ្ងៃទី១២ ខែតុលា លោកបានឆ្លើយផ្សេង ដោយអះអាងថា ការមិនដាក់ កែវ សុខផេង លេង ព្រោះលោកចង់ផ្ដល់ឱកាសដល់យុវជន និងកីឡាករក្មេងៗ បានបញ្ចេញសមត្ថភាព ។ ជុំវិញចម្លើយ ២ផ្សេងគ្នានេះ គឺសបញ្ជាក់ឲ្យឃើញថា ការអវត្តមានរបស់អតីតសមាជិកក្រុម PKNP របស់ម៉ាឡេស៊ីរូបនេះ អាចនឹងមានរឿងផ្សេង នៅពីក្រោយខ្នងពិតមែន ខណៈដែលសាមីខ្លួនបានសុំមិនបកស្រាយអំពីបញ្ហានេះឡើយ ។

 

គួរបញ្ជាក់ថា កែវ សុខផេង ត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជាស្ទើររាប់ភ្លេច ហើយរាល់ពេលកោះហៅ គេតែងតែបង្ហាញខ្លួនលើទីលានប្រកួត មិនសូវលោះនោះទេ ទើបតែពេលនេះ ត្បិតក្នុងរជ្ជកាលលោក Keisuke Honda មកដឹកនាំត្រូវបានកោះហៅ ៣លើកជាប់គ្នា តែគេបានបង្ហាញខ្លួនតែ ១ប្រកួតប៉ុណ្ណោះ ពេលជួបម៉ាឡេស៊ី កាលពីដើមខែកញ្ញា ខណៈ ២ប្រកួតចុងក្រោយ ពោលគឺពេលជួបទីម័រខាងកើត និងសិង្ហបុរី សូម្បីតែឈ្មោះក្នុងបញ្ជីបម្រុង ក៏គ្មានវត្តមានរបស់កីឡាករដ៏មានប្រជាប្រិយភាពរូបនេះដែរ ៕ អត្ថបទ៖ បុត្រា

 

មតិយោបល់