គ្រូសិង្ហបុរីថា ប៉ះកម្ពុជាយប់មិញ គឺជាការតេស្ដសមត្ថភាពកូនក្រុមដ៏ល្អ ព្រោះ…!

នូ មករា October 17, 2018


ភ្នំពេញ៖ លោក Fandi Ahmad គ្រូបង្វឹកក្រុមជម្រើសជាតិសិង្ហបុរី បានចាត់ទុកការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះកម្ពុជាយប់មិញ គឺជាការធ្វើតេស្ដសមត្ថភាពកូនក្រុមដ៏ល្អ ដើម្បីត្រៀមពានរង្វាន់ AFF Suzuki Cup 2018 ព្រោះកម្ពុជា ពិតជាខ្លាំង និងរីកចម្រើនច្រើន ពិសេសគឺការលេងដ៏ល្បឿនលឿនតែម្ដង ។
 
ថ្លែងក្នុងសន្និសីទ ក្រោយយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ២-១ លោក Fandi Ahmad បាននិយាយថា៖ «ជាការពិតការលេងជាមួយក្រុមកម្ពុជា គឺបានផ្ដល់ផលលំបាកច្រើន ពិសេសកម្ពុជាលេងលឿន តែនេះគឺជាផលវិជ្ជមានមួយសម្រាប់ក្រុមខ្ញុំ ដែលអាចធ្វើតេស្ដកីឡាករមួយចំនួន សម្រាប់ជ្រើសរើសទៅបោះជំរុំនៅជប៉ុន ត្រៀមពាន Suzuki Cup ។ ជារួមខ្ញុំមើលឃើញទម្រង់លេងរបស់កម្ពុជា ពិតជាមានការរីកចម្រើនច្រើនមែន» ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិសិង្ហបុរី ក៏មិនខុសពីកម្ពុជាដែរ គឺត្រៀមពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018 ដូចគ្នា តែស្ថិតក្នុងពូលខុសគ្នា ។ ប៉ុន្ដែបន្ទាប់ពីជួបកម្ពុជា លោក Fandi Ahmad នឹងដឹកនាំកូនក្រុមរបស់ខ្លួន ទៅបោះជំរុំហ្វឹកហាត់ជិតកន្លះខែនៅជប៉ុន ដើម្បីពង្រឹងសមត្ថភាពត្រៀមពានដ៏ធំប្រចាំតំបន់នេះ ៕

 

អត្ថបទ៖ បុត្រា

 

មតិយោបល់