លោក Felix ថា អត់មាន Honda នាំឲ្យមានស្ថានភាពខ្លះខុសប្លែក!

នូ មករា October 16, 2018


ភ្នំពេញ៖ លោក Felix Agustin Gonzalez Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានទទួលស្គាល់នូវភាពខុសប្លែកមួយចំនួន ពេលលោក Keisuke Honda មកដឹកនាំផ្ទាល់ និងពេលគ្មានអវត្តមានរបស់អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ ។ ប៉ុន្ដែលោកអះអាងថា មិនមានការខុសប្លែកគ្នាច្រើននោះទេ ព្រោះលោក Honda ក៏បានដឹងរឿងគ្រប់យ៉ាងរបស់ក្រុមជម្រើសជាតិកម្ពុជាផងដែរ ។
គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ និយាយថា៖ «ដោយសារតែ Honda មិនបាននៅទីនេះ ប្រហែលមានស្ថានភាពខ្លះ មានការខុសប្លែក តែយ៉ាងណាយើងនៅតែជាក់លើកីឡាកររបស់យើង ក្នុងការទទួលយកនូវអ្វី ដែលលោក Honda បានណែនាំ និងផ្ដល់ឲ្យ ។ ជាមួយការពិត ការប្រកួតជាមួយម៉ាឡេស៊ី និងទីម័រ គឺជាការប្រកួតពីរខុសប្លែកគ្នា របៀបលេងខុសប្លែកគ្នា ។ ប៉ុន្ដែខ្ញុំមើលមិនឃើញការខុសប្លែកគ្នាច្រើននោះទេ ព្រោះទោះលោក Honda មិននៅទីនេះ តែគាត់បានដឹងរឿងគ្រប់យ៉ាង ដោយសារយើងបានធ្វើការជាមួយគ្នារហូត»
ការលើកឡើងរបស់លោក Felix នេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញ ស្របពេលក្រុមជម្រើសជាតិកម្ពុជា ត្រៀមបើកទ្វារផ្ទះទទួលការប្រកួតមិត្តភាពអន្ដរជាតិទី៣ ដោយត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី នាល្ងាចថ្ងៃទី១៦ ខែតុលានេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។ នេះគឺជាប្រកួតទី៣ របស់ក្រុមគោព្រៃកម្ពុជា អំឡុងពេលលោក Keisuke Honda ចូលមកកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីពង្រឹងសមត្ថភាពត្រៀមពានរង្វាន់ AFF Suzuki Cup 2018 នាខែវិច្ឆិកាខាងមុខ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់