ទៀត គីមហេង ប្តេជ្ញាអភិវឌ្ឍន៍ខ្លួននៅក្លឹបអាជីពបន្ថែមពីលើបទពិសោធន៍ ៤ឆ្នាំកន្លងមក!

នូ មករា October 16, 2018


ភ្នំពេញ៖ សមាជិកថ្មីរបស់ក្លឹបវិសាខាគឺកីឡាករ ទៀត គីមហេង បានបង្ហាញភាពរីករាយក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ដែលបានចូលរួមពេញដៃពេញជើងជាមួយក្លឹបបាល់ទាត់អាជីព បន្ទាប់ពីបានចំណាយពេលហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទីអស់រយៈពេល ៤ឆ្នាំរួចមក ។

អតីតខ្សែបម្រើឆ្នើមក្នុងក្រុមជម្រើសជាតិកម្ពុជា U16 រូបនេះ បានលើកឡើងថា៖ “រយៈពេល ៤ឆ្នាំនេះបទពិសោធន៍មិនទាន់គ្រប់គ្រាន់ទេ អុីចឹងពេលទៅលេងនៅក្លឹប ពួកយើងសង្ឃឹមថានឹងប្រឹងប្រែងបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែល្អប្រសើរ ។ ខ្ញុំអត់ខ្វល់រឿងកីឡាករមកពីណាទេ សំខាន់គឺខ្ញុំចង់បង្ហាញសមត្ថភាពឲ្យគ្រូខ្ញុំបានឃើញដើម្បីបានចូលរួមលេងក្នុងការប្រកួតឱ្យបានច្រើន ។”

គួររំលឹកថា យុវជន ទៀត គីមហេង គឺជាយុវជនម្នាក់ក្នុងចំណោមអតីតកីឡាករបាទីទាំង ៦នាក់ដែលបានចូលរួមជាមួយក្លឹបវិសាខាដូចជាកីឡាករ គង់ ពីលត់, ផុន តៃនិញ, ឡុង ម៉េងហាវ, ទូច គឹមឆាយ, អាត អូនទូច និងទៀត គីមហេង នេះឯង ៕

អត្ថបទ៖ បុត្រា

មតិយោបល់