សាលាបាទី ផ្តល់កីឡាករទាំង​១៦នាក់ដល់ក្លឹបអាជីពដោយមិនគិតថ្លៃ ប៉ុន្តែមានលក្ខខណ្ឌមួយចំនួន!

នូ មករា October 16, 2018


ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា ចំពោះករណីអតីតកីឡាករបាទីទាំង ១៦នាក់ដែលត្រូវបានរំសាយនិងបានប្តូរទៅចូលរួមជាមួយក្លឹបបាល់ទាត់អាជីពចំនួន ៤នោះគឺមិនមានការគិតកម្រៃដោះដូរអ្វីនោះទេ ដោយសារតែសាលាបាល់ទាត់ជាតិនេះគោលការណ៍បែបនេះទេ ។

អតីតនាយក​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទីរូបនេះបានថ្លែងថា៖ “យើងគិតថាយើងកំពុងត្រូវការកម្លាំងយុវជន និងដើម្បីជួយក្លឹបតាមលីគរបស់យើងឲ្យខ្លាំង អុីចឹងមិនទាន់មានគោលការណ៍ទារតម្លៃពីក្លឹបទេគ្រាន់តែមានលក្ខខណ្ឌឲ្យក្លឹបធ្វើតាម ដោយត្រូវយកក្មួយៗទៅដោយផ្តល់ឲ្យមានការហ្វឹកហាត់ស្ដង់ដារដូចនៅបាទីដែរ ត្រូវហ្វឹកហាត់មានបច្ចេកទេស លក្ខណៈយុវជនត្រឹមត្រូវ និងមានការប្រកួតត្រូវតាមកម្រិតដើម្បីឲ្យពួកគេមានសមត្ថភាពកាន់តែល្អប្រសើរ  ហើយបើមានការប្រមូលផ្ដុំជម្រើសជាតិយុវជន ក្លឹបត្រូវអនុញ្ញាតឲ្យក្មួយៗមកជួយដល់ក្រុមយុវជនវិញ មួយទៀតត្រូវបង្កឱកាសឲ្យបានរៀន ទោះបីលេងបាល់ល្អយ៉ាងណាក៏ត្រូវផ្ដល់ឱកាសដល់ក្មួយៗក្នុងការសិក្សា ព្រោះកីឡាករបាល់ទាត់មិនអាចប្រកបអាជីពបាល់ទាត់រហូតនោះទេ ។”

សូមបញ្ជាក់ថា ជាគោលការណ៍ យុវជនសាលាបាល់ទាត់ជាតិបាទីអាចចាកចេញពីសាលាបាននៅពេលដែលពួកគេមានអាយុ ១៨ឆ្នាំ ឬក្រោយប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចប់ជាស្ថាពរ ប៉ុន្តែក៏អាចមានករណីស្នើសុំចាកចេញមុនកាលកំណត់បានដែរដូចជាកីឡាករ សាន គីមហេង ដែលបានចូលរួមជាមួយក្រុមវិសាខាជាដើម ៕

អត្ថបទ៖ បុត្រា

មតិយោបល់