កីឡាករសិង្ហបុរី Safuwan Baharudin និយាយចំៗពី ចាន់ វឌ្ឍនាកា​ ពិសេសកាលលេងនៅ Pahang ជុំគ្នា ! 

នូ មករា October 15, 2018


ភ្នំពេញ៖ ខ្សែបម្រើ-ការពារ របស់ក្រុមជម្រើសជាតិសិង្ហបុរី Safuwan Baharudin ដែលបានបង្ហាញវត្តមានជាមួយគ្រូបង្វឹករបស់ខ្លួននៅក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងសិង្ហបុរីនាព្រឹកថ្ងៃទី១៥ ខែតុលា នេះដោយបានលើកឡើងចំៗអំពីខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា ពិសេសរូបគេបានរំលឹកចំនុចខ្លាំងរបស់ CV11 កាលពេលដែលអ្នកទាំងពីរលេងនៅក្រុម Pahang FA ជាមួយគ្នានោះ ។

កីឡាករសិង្ហបុរីរូបនេះបានបញ្ជាក់ថា៖ “កាលប្រកួតលើកមុនយើងបានចាញ់កម្ពុជា ២-១ ដូច្នេះស្អែកគឺជាការប្រកួតដ៏សំខាន់របស់ក្រុម ហើយយើងនឹងព្យាយាមធ្វើឲ្យបានល្អដើម្បីទទួលបាននូវលទ្ធផលល្អក្នុងជំនួបមិត្តភាពនេះ ហើយខ្ញុំបានស្គាល់កីឡាករកម្ពុជាមួយចំនួន ពិសេស វឌ្ឍនាកា និង ធារី ។”

Safuwan Baharudin បានបន្ថែមថា៖ “ខ្ញុំធ្លាប់ជាមិត្តរួមក្រុមរយៈពេល ៦ខែជាមួយ វឌ្ឍនាកា រូបគេគឺជាខ្សែប្រយុទ្ធមានគុណភាព អុីចឹងគាត់ជាកីឡាករល្អរបស់កម្ពុជាហើយអាចកែប្រែស្ថានភាពក្នុងការប្រកួតមួយប្រសិនបើការប្រកួតនោះមិនទាន់មានសកម្មភាពទេ ។ ខ្ញុំធ្លាប់មើលការប្រកួត Suzuki Cup កន្លងមកក៏ដូចជាការលេងជាមួយគ្នានៅ Pahang ខ្ញុំអាចនិយាយបានថា បើយើងធ្វេសប្រហែសនោះ វឌ្ឍនាកា នឹងអាចបង្កគ្រោះថ្នាក់ដល់ក្រុមយើងបាន ប៉ុន្ដែយើងមិនផ្ដោតតែលើ វឌ្ឍនាកា ទេគឺយើងផ្ដោតលើក្រុមទាំងមូល ដូច្នេះយើងសង្ឃឹមថា ក្រុមទាំងពីរនឹងធ្វើបានល្អរៀងៗខ្លួនក្នុងជំនួបមិត្តភាពស្អែកនេះ!” ។ គួររំលឹកថា កីឡាករ Safuwan Baharudin នេះហើយដែលធ្លាប់លើកទឹកចិត្ត ព្រមទាំងបង្ហាញក្តីសោកស្តាយនៅពេលដែល ក្លឹប Pahang FA របស់ម៉ាឡេសុី បានសម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករ ចាន់ វឌ្ឍនាកា នោះ ៕

អត្ថបទ៖ បុត្រា

 

មតិយោបល់