ជារី ចន្ថាប៊ីន ទទួលស្គាល់ថា ២ប្រកួតចុងក្រោយមិនទាន់ល្អ ប៉ុន្តែក្រុមទាំងមូលនឹងព្យាយាមនៅថ្ងៃស្អែក!

នូ មករា October 15, 2018


ភ្នំពេញ៖ កីឡាករសញ្ជាតិខ្មែរបារាំង ប៊ីន ចន្ថាជារី បានលើកឡើងថា ក្រុមគោព្រៃកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ជំនួបជាមួយក្រុមតោសិង្ហបុរីនាថ្ងៃទី១៦ ខែតុលាស្អែកនេះ ដោយសមាជិកម្នាក់ៗបានខិតខំហ្វឹកហាត់ក៏ដូចជាកែលម្អចំនុចខ្វះខាតឆ្ពោះទៅរកលទ្ធផលល្អក្នងការប្រកួតជាបន្តបន្ទាប់ ពិសេសគឺពង្រឹងសមត្ថភាពដើម្បីត្រៀមព្រឹត្តិការណ៍ ​AFF Suzuki Cup តែម្តង ។

យ៉ាងណាមិញ ខ្សែបម្រើ-ការពារដែលកំពុងលេចធ្លោក្នុងនាមជាកីឡាកល្អម្នាក់ក្នុងចំណោមកីឡាករបរទេសដ៏ជោគជ័យទាំង ៥រូបនៅលីគកំពូលម៉ាឡេសុីនោះ បានទទួលស្គាល់ថា៖ “ពួកយើងនឹងព្យាយាមស្វែងរកលទ្ធផលមួយលើទីលាន ទាំងការព្យាយាមហ្វឹកហាត់ និងការប្រកួត ។ ជាក់ស្ដែង ២ប្រកួតចុងក្រោយលទ្ធផលទទួលបាន គឺមិនទាន់ល្អ តែយើងនឹងព្យាយាមធ្វើឲ្យបានល្អ ពិសេសគឺយើងផ្ដោតលើការធ្វើការងារជាក្រុមតែម្ដងដើម្បីទទួលបានលទ្ធផលល្អក្នុងជំនួបមិត្តភាពស្អែកនេះ ។”

សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតមិត្តភាព ២លើកកន្លងមក ក្រុមគោព្រៃកម្ពុជាមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ ពោលគឺបានចាញ់ក្រុមជម្រើសជាតិម៉ាឡេសុី ៣-១ នឹងបានត្រឹមស្មើក្រុមទីម័រខាងកើតក្នុងលទ្ធផល ២-២ កាលពីសប្តាហ៍មុន ៕

អត្ថបទ៖ បុត្រា

មតិយោបល់