ការពារជាតិ ត្រៀមនាំយកកីឡាករកូរ៉េជើង មកពង្រឹងក្រុមនារដូវកាលថ្មី

នូ មករា October 15, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ក្រសួងការពារជាតិ បានប្រកាសត្រៀមនាំយកកីឡាករកូរ៉េខាងជើងជាច្រើននាក់ មកជួយក្រុមនារដូវកាលថ្មីខាងមុខ បន្ទាប់ពីក្លឹបបានបញ្ចប់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ជាមួយលទ្ធផលមិនសូវគាប់ប្រសើរ ដូចកាលក្រសួងការពារជាតិមានកីឡាករកូរ៉េខាងជើង ៤រូបជួប កាលពីឆ្នាំ២០១៦-២០១៧ ។ នេះបើតាមការបញ្ជាក់របស់លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ ។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិយុវជនកម្ពុជារូបនេះបាននិយាយថា៖ «ឥលូវនេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិ កំពុងធ្វើការទំនាក់ទំនងជាមួយកូរ៉េខាងជើង ដើម្បីនាំយកកីឡាករកូរ៉េជើងថ្មីតែម្ដង មកជួយក្រុមនារដូវកាលក្រោយ ហើយនេះគឺជាការងារយើងកំពុងធ្វើ ទោះបីយើងសម្រេច ឬជោគជ័យ មិនជោគជ័យក្នុងការនាំយកកីឡាករថ្មី តែយើងកំពុងធ្វើការងារនេះ» ។ យ៉ាងណាមិញលោកមិនទាន់ច្បាស់ ១០០% ក្លឹបក្រសួងការពារជាតិ នឹងអាចនាំយកកីឡាករកូរ៉េជើងមកពង្រឹងក្រុមបាននារដូវកាលក្រោយ ឬយ៉ាងណានោះទេ ។ ប៉ុន្ដែជុំវិញការចង់បានកីឡាករកូរ៉េខាងជើងនេះ លោក ភា សុភ័ក្ដ្រា បានអះអាងថា ដោយសារពួកគេមានវិន័យខ្ពស់ ។
លោកបានបន្តថា៖ «បើប្រៀបធៀបលើវិន័យ និងរបតក្នុងការរស់នៅ កីឡាករកូរ៉េខាងជើង គឺជាកីឡាករមានវិន័យខ្ពស់ ទាំងការហ្វឹកហាត់ និងការថែទាំសុខភាព គឺពួកគាត់ធ្វើបានល្អ ជាក់ស្ដែងកីឡាករកូរ៉េខាងជើង ធ្លាប់រស់នៅជាមួយយើង ពួកគាត់ធ្វើបានល្អមែនទែន ។ ហេតុផលនេះហើយ ដែលធ្វើឲ្យយើងចង់បានកីឡាករកូរ៉េជើង មកជួយក្រុមនារដូវកាលថ្មី ព្រោះពួកគេក៏ជាផ្នែកមួយ ក្លាយជាគំរូដល់កីឡាករខ្មែរដែរ» ។
គួរបញ្ជាក់ថា ក្នុងរដូវកាលឆ្នាំ២០១៨ សម្រាប់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ដែលអនុញ្ញាតឲ្យក្រុមនីមួយៗ ប្រើប្រាស់កីឡាករបរទេសបាន ៥នាក់ ក្រសួងការពារជាតិ ហាក់ធ្វើមិនសូវបានល្អ ដូចកាលពីឆ្នាំ២០១៦-២០១៧ នោះទេ បន្ទាប់ពីកីឡាករកូរ៉េខាងជើង ៤រូប ដែលជួយឲ្យក្រសួងការពារជាតិ ឈ្នះជើងរង ២ឆ្នាំជាប់គ្នា បានផ្ទេរទៅលេងឲ្យក្លឹបចំណូលថ្មីវិសាខា ក្នុងឆ្នាំ២០១៨ ដែលធ្វើឲ្យពួកគេ ធ្លាក់ទៅឈរចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម ១២ក្រុម ស្របពេលវិសាខា បានធ្វើព្យុះភ្លៀង និងទទួលបានចំណាត់ថ្នាក់លេខ៣ សម្រាប់ការបង្ហាញខ្លួនលើកដំបូង ក្នុងលីគទៀតផង ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់