FFC នឹងប្រកាសរំសាយសមាជិកក្រុមបាទី ១៦នាក់ ក្រោយផុតកុងត្រាស្អែកនេះ

នូ មករា October 15, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសរៀបចំសន្និសីទសារព័ត៌មានមួយស្ដីពីការប្រកាសរំសាយកីឡាករនៃក្រុមសាលាបាល់ទាត់ជាតិបាទីចំនួន ១៦នាក់ បន្ទាប់ពីពួកគេបានផុតកិច្ចសន្យាជាមួយមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី នៅពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ១០ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ស្អែកនេះ ។

យោងតាមការបញ្ជាក់របស់មន្ដ្រីព័ត៌មានរបស់សហព័ន្ធលោក ចាន់ មិថុន បានឲ្យដឹងថា សន្និសីទសារព័ត៌មានស្អែកនេះ គឺសហព័ន្ធនឹងប្រកាសពីកីឡាករចំនួន ១៦នាក់ ដែលបានស្នាក់នៅ រៀនសូត្រ និងហ្វឹកហាត់បាល់ទាត់ ក្រោមដំបូលមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ក្រោយពួកគេបានផុតកិច្ចសន្យា ដើម្បីផ្ដល់ឱកាសដល់ពួកគេក្នុងការចាប់យកឱកាសលេងឲ្យក្លឹបអាជីពនានា ។ យ៉ាងណាមិញមន្ដ្រីសហព័ន្ធដដែល នៅមិនទាន់បញ្ជាក់ពីសមាសភាពកីឡាកររបស់សាលាបាល់ទាត់ជាតិបាទី ដែលត្រូវផុតកិច្ចសន្យានោះទេ ។

ដូច្នេះសូមរង់ចាំអ៊ុតទាំងអស់គ្នា តើកីឡាករូបណាខ្លះ ត្រូវផុតកិច្ចសន្យា ហើយពួកគេនឹងទៅចូលរួមជាមួយក្លឹបណាខ្លះ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា? ប៉ុន្ដែកាលពីពេលថ្មីៗ កីឡាករមួយចំនួន ត្រូវបានក្លឹបប្រកាសពីនាំយកទៅរួមរស់ជាមួយពួកគេរួចទៅហើយ ជាក់ស្ដែងក្លឹបបឹងកេត ដែលបាននាំយកកីឡាករពីសាលាបាល់ទាត់បាទីចំនួន ៣នាក់ ដូចជាកីឡាករ ទេស សម្បត្តិ, សឿត ណាវ៉ា និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ ជាដើម ៕

អត្ថបទ៖ បុត្រា

មតិយោបល់