គ្រូបង្វឹកកម្ពុជា៖ “យើងនៅតែចង់ឲ្យកម្ពុជាមានទម្រង់លេងមួយថ្មី ជាជាងការផ្ដោតលើលទ្ធផល!”

នូ មករា October 15, 2018


ភ្នំពេញ៖ មុនការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិសិង្ហបុរីនៅថ្ងៃស្អែកឈានចូលមកដល់ លោក Felix គ្រូបង្វឹកក្រុមគោព្រៃកម្ពុជាបានលើកឡើងថា ក្រុមរបស់លោកមិនមានការផ្លាស់ប្តូរច្រើននោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺលោកនឹងបំពេញបន្ថែមនូវចំនុចខ្វះខាតនានា ដើម្បីធ្វើឲ្យការប្រកួតទទួលបានលទ្ធផលល្អ ។ លោកបានទទួលស្គាល់ថា កូនក្រុមមានចំនុចជាច្រើនដែលរីកចម្រើនដែលកើតចេញពីខិតខំរបស់កីឡាករម្នាក់ៗ ហើយពួកគេតែងតែព្យាយាមអស់ពីសមត្ថភាពក្នុងការប្រកួត​។

យ៉ាងណាក៏ដោយលោកបានអះអាងថា៖ “ប៉ុន្តែពេលនេះគឺស្ថិតក្នុងលក្ខខណ្ឌមួយកំពុងដំណើរការ ដូច្នេះជាការពិតលទ្ធផលអាចប៉ះពាល់ដល់អារម្មណ៍តែយើងនៅតែចង់ផ្លាស់ប្ដូរនូវទម្រង់លេងមួយថ្មី អុីចឹងយើងនៅតែចង់ឲ្យកម្ពុជាមានទម្រង់លេងមួយថ្មីជាជាងការផ្ដោតលើលទ្ធផល ។ ខ្ញុំពិបាកនឹងកំណត់រយៈពេលណាស់ ព្រោះវាប្រៀបដូចជីវិតរបស់យើង គឺយើងចង់រីកចម្រើនរហូតតែអ្វីដែលសំខាន់គឺយើងនឹងព្យាយាមធ្វើឲ្យកីឡាកររបស់យើងរីកចម្រើន និងមានទម្រង់លេងថ្មីដែលវិវត្តន៍ទៅជាកីឡាករមួយអាជីពពិតប្រាកដ ។”

លោកបានបន្ថែមថា៖ “ដោយសារតែ Honda មិនបាននៅទីនេះ ប្រហែលមានស្ថានភាពខ្លះអាចខុសប្លែក តែយ៉ាងណាយើងនៅតែជាក់លើកីឡាកររបស់យើងក្នុងការទទួលយកនូវអ្វីដែលលោក Honda បានផ្តល់ឱ្យ ។ វាមិនមានស្ថានភាពខុសប្លែកគ្នាច្រើននោះទេ ព្រោះលោក Honda បានដឹងគ្រប់រឿងចំពោះសកម្មភាពរបស់យើងដែលកំពុងធ្វើ ដូច្នេះលោកក៏តែងតែផ្ដល់នូវអ្វីដែលថ្មីសម្រាប់ក្រុមកីឡាករកម្ពុជាផងដែរ ។”

សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតមិត្តភាព ២លើកកន្លងមក ក្រុមគោព្រៃកម្ពុជាមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ ពោលគឺបានចាញ់ក្រុមជម្រើសជាតិម៉ាឡេសុី ៣-១ នឹងបានត្រឹមស្មើក្រុមទីម័រខាងកើតក្នុងលទ្ធផល ២-២ កាលពីសប្តាហ៍មុន ៕

អត្ថបទ៖ បុត្រា

មតិយោបល់