ចាន់ វឌ្ឍនាកា ក្ដៅស្លឹកត្រចៀក ក្រោយមានអ្នករិះគន់ខុសទំនងយប់មិញ

នូ មករា October 13, 2018


ភ្នំពេញ៖ កីឡាករ ចាន់ វឌ្ឍនាកា បានបញ្ចេញប្រតិកម្មជាខ្លាំងទៅនឹងការរិះគន់ខុសទំនងមួយ នៅលើទំព័រហ្វេសប៊ុកឈ្មោះ Troll ASEAN Bible ដែលបានរិះគន់មកលើរូបគេ ពាក់ព័ន្ធនឹងសកម្មភាពដើរម្នាក់ឯង ក្រោយចប់ការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិទីម័រខាងកើតកាលពីយប់មិញ ទាំងដែល វឌ្ឍនាកា រវល់ជាប់សម្ភាសន៍ជាមួយក្រុមការងារទូរទស្សន៍ BTV-News ។
 
ក្រោយចប់ការប្រកួតមិត្តភាពលើទីលានពហុកីឡដ្ឋានជាតិយប់មិញ គេឃើញសមាជិកក្រុមគោព្រៃកម្ពុជាស្ទើរ ១ក្រុម បានដើរថ្លែងអំណរគុណអ្នកគាំទ្រ ដែលបានចូលរួមទស្សនាផ្ទាល់តាំងពីដើម រហូតដល់ចប់ ក្នុងនោះលើកលែងតែកីឡាករ ចាន់ វឌ្ឍនាកា ដែលជាប់សម្ភាសន៍ មិនបានដើរជាមួយមិត្ដរួមក្រុម ប៉ុន្តែក្រោយសម្ភាសន៍ចប់ រូបគេក៏ដើរតាមក្រោយតែម្នាក់ឯង ហើយមានអ្នកថតបានយកទៅបង្ហោះលើបណ្ដាញសង្គម ក៏ផ្ទុះការរិះគន់តែម្ដង ។ ទំព័រហ្វេសប៊ុកខាងលើ បានសរសេររិះគន់ថា៖ «ជំងឺតួឯក មានន័យថា ជាទស្សនៈអាត្មានិយម បុគ្គលនិយម ដែលប្រកាន់ថា មានតែខ្លួនទេ ដែលល្អដាច់គេ លើសគេ ផុតគេ ជាអ្នកសំខាន់ឬអស្ចារ្យជាងគេ ប្រសិនបើពុំមានវត្តមានរបស់ខ្លួនទេ ពុំមាននរណាផ្សេងអាចជំនួសខ្លួនបានឡើយ» ។
 
ក្រោយឃើញព័ត៌មាននេះ វឌ្ឍនាកា បានសរសេរតបទាំងយប់ថា៖ «បាទដឹងពេលចប់ ខ្ញុំរវល់អីអត់ គឺខ្ញុំទៅសម្ភាសន៍ កុំឃើញតែរូបភាពមួយ ផ្នែកយកមកវាយតម្លៃមនុស្ស ។ បើសិនជាខ្ញុំមានជំងឺតួឯកមែនណ្ហើយណាស់ខ្ញុំឈប់ពីជម្រើសជាតិបាត់ហើយ និយាយម្ដងទៀតចុះ កុំយករូបមួយផ្នែក ដើម្បីវាយប្រហារខ្ញុំអី អរគុណសូមទានជ្រាប» ។
 
គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងនោះទេ ដែលមានការរិះគន់មកលើខ្សែប្រយុទ្ធស្នូលរបស់ក្រុមជម្រើសជាតិកម្ពុជារូបនេះ គ្រាន់តែលើកនេះ ចាន់ វឌ្ឍនាកា ហាក់ក្ដៅស្លឹកត្រចៀកខ្លាំងបន្ដិច ព្រោះការរិះគន់ខុសទំនងមកលើខ្លួន ទាំងដែលភ្នែកមហាជនរាប់ម៉ឺននាក់ទាំងអ្នកទស្សនាផ្ទាល់ និងទស្សនាតាមកញ្ចក់ទូរទស្សន៍ សុទ្ធតែបានដឹងថា មូលហេតុ ចាន់ វឌ្ឍនាកា ដើរម្នាក់ឯងយប់មិញ ព្រោះរូបគេជាប់សម្ភាសន៍ជាមួយក្រុមការងារទូរទស្សន៍ BTV-News ដែលជាទូរទស្សន៍ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការផ្ទាល់ជំនួបមិត្តភាពអន្ដរជាតិក្នុងដីរបស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមពានរង្វាន់ AFF Suzuk Cup 2018 នាពេលខាងមុខ ៕

អត្ថបទ៖ បុត្រា

 

មតិយោបល់