គ្រូកម្ពុជា បកស្រាយខ្លីៗពីអវត្តមាន កែវ សុខផេង និងពេញចិត្តទម្រង់លេងរបស់ ធីវ៉ា និង សុខសិលា

នូ មករា October 12, 2018


ភ្នំពេញ៖ លោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានបកស្រាយយ៉ាងខ្លីពីករណីអវត្តមានរបស់ខ្សែប្រយុទ្ធ កែវ សុខផេង ក្នុងជំនួបមិត្តភាពថ្ងៃនេះ ដោយលោកបានបញ្ជាក់ថា រូបគេពេញចិត្តក្នុងការផ្តល់ឪកាសដល់សមាជិកវ័យក្មេងដើម្បីបង្ហាញសមត្ថភាព និងអភិវឌ្ឍន៍ខ្លួន ដូចនេះហើយទើបលោកសម្រេចចិត្តមិនដាក់ កែវ សុខផេង ចូលលេងនោះទេ ហើយសាមីខ្លួនក៏គាំទ្រចំពោះរឿងនេះដែរ ។

គ្រូបង្វឹកអាហ្សង់ទីនរូបនេះ បានបញ្ជាក់ដែរថា លោកមានការពេញចិត្តចំពោះទម្រង់លេងរបស់កីឡាករវ័យក្មេង ២រូបគឺ ប្រាក់ ធីវ៉ា និងអ្នកចាំទី កែវ សុខសិលា ។ លោកបានលើកឡើងថា៖ “ខ្ញុំមើលឃើញថា ប្រាក់ ធីវ៉ា និង សិលា ធ្វើបានល្អហើយខ្ញុំពិតជាសប្បាយចិត្តដែលបានដាក់ពួកគេលេងក្នុងជម្រើសជាតិ ១១នាក់ដំបូង ប៉ុន្តែកត្តាសំខាន់គឺយើងផ្ដោតលើការលេងជាក្រុម! ”

ដៃស្តាំលោក Honda រូបនេះបានបញ្ជាក់ថា៖ “ខ្ញុំជឿជាក់លើកូនក្រុម ទោះបីកូនក្រុមពេលខ្លះមានទម្រង់លេងធ្លាក់ចុះក៏ដោយ ព្រោះយើងជួបក្រុមដែលមានគុណភាព អុីចឹងយើង នៅតែគោរពការប្រកួតថ្ងៃនេះ ទោះបីលទ្ធផលដែលយើងទទួលបានមិនមែនជាលទ្ធផលដែលយើងចង់បានក៏ដោយ!”។ លោក​ Felix បានថ្លែងដែរថា៖ ” ចំពោះទម្រង់លេងថ្ងៃនេះ កូនក្រុមខ្ញុំ មានភាពជឿជាក់លើទម្រង់លេងថ្មី និងព្យាយាមធ្វើតាមអ្វីដែលខ្ញុំពន្យល់ ប៉ុន្តែយើងត្រូវការពេលវេលាបន្ថែមទៀតដើម្បីណែនាំ ព្រោះយើងបានដាក់លំហាត់ពិបាកខ្លះដល់ពួកគេអុីចឹងយើងត្រូវការពេលដើម្បីណែនាំពួកគេឲ្យធ្វើបានកាន់តែល្អ ។ សម្រាប់កីឡាករមួយចំនួនដូចជា  អ៊ុំ វិចិត្រ ជាដើមគឺទើបតែបញ្ចប់ភារកិច្ចជាមួយក្លឹប ដូចនេះ វាគឺជាការផ្ដល់ឱកាសដល់កីឡាករវ័យក្មេងដូចជា កែវ សុខសិលា ព្រោះពេលហ្វឹកហាត់គេធ្វើបានល្អ ។”

អត្ថបទ៖ បុត្រា

មតិយោបល់