គ្រូទីម័រ៖ “បើខ្សែប្រយុទ្ធកម្ពុជាមុតស្រួច ឬខ្លាំងជាងហ្នឹង ពួកគេប្រហែលអាចទាត់ចូលពី ៥ ទៅ ៦គ្រាប់ឯណោះ!”

នូ មករា October 12, 2018


ភ្នំពេញ៖ ក្រោយបញ្ចប់បេសកកម្មក្នុងដីកម្ពុជាជាមួយនឹងលទ្ធផល ២-២ រួចមក លោក Norio Tsukitate គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើតបានថ្លែងថា កូនក្រុមរបស់លោកបានជួបការលំបាកយ៉ាងខ្លាំងជាពិសេសនៅក្នុងវគ្គទី២ ក្រោយក្រុមកម្ពុជាបានវាយបកមិនដកឃ្លារហូតបានគ្រាប់បាល់តាមស្មើនោះ ។

លោកបានអះអាងថា៖ “ក្នុងវគ្គទី១ កីឡាកររបសខ្ញុំយល់ពីកល្បិចរបស់កម្ពុជា តែយើងជួបបញ្ហាសីតុណ្ហភាពដែលរាងក្ដៅបន្តិចសម្រាប់ពួកយើង យ៉ាងណាក៏ដោយ យើងបានព្យាយាមប្រឹងអស់ពីសមត្ថភាពនៅក្នុងការប្រកួតនេះ ។” លោកបានបន្ថែមថា៖ “កីឡាករកម្ពុជាមានឆន្ទៈខ្ពស់មែនទែន រហូតធ្វើឲ្យកីឡាកររបស់យើងមានការភាន់ច្រឡំម្តងៗហើយប្រសិនបើខ្សែប្រយុទ្ធកម្ពុជាមុតស្រួច ឬខ្លាំងជាងហ្នឹង ពួកគេប្រហែលអាចទាត់ចូលពី ៥ ទៅ ៦គ្រាប់ឯណោះ!”

ជំនួបមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងទីម័រខាងកើតទើបតែបានបញ្ចប់នៅទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិកជាមួយនឹងលទ្ធផល ២-២ អមដោយក្តីមិនអស់ចិត្តរបស់ទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់ជាង ៣មុឺននាក់ ។ នៅក្នុងវគ្គទី១ ក្រុមភ្ញៀវបានទាត់បញ្ចូលទីនាំមុខមុននៅនាទី៣០ ដោយកីឡាករ Santos Almeida មុននឹងខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា តាមបានស្មើវិញនៅនាទីទី៤០ ។ យ៉ាងណាក៏ដោយ ២នាទីក្រោយមកកីឡាករ Walter Gama របស់ទីម័របានបន្ថែមមួយគ្រាប់ទៀតដើម្បីនាំមុខកម្ពុជារហូតដល់នាទីទី៩០ ទើបកីឡាករ រឹង ប៊ុនហៀង ទាត់បញ្ចូលទីយកស្មើវិញ និងរក្សាលទ្ធផលនេះរហូតដល់បញ្ចប់ការប្រកួតតែម្តង ៕

អត្ថបទ៖ បុត្រា

មតិយោបល់