កម្ពុជា ស្មើ ទីម័រខាងកើត អមដោយក្តីមិនអស់ចិត្តរបស់ទស្សនិកជនជាង ៣មុឺននាក់!

នូ មករា October 12, 2018


ភ្នំពេញ៖ ជំនួបមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងទីម័រខាងកើតទើបតែបានបញ្ចប់នៅទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិកជាមួយនឹងលទ្ធផល ២-២ អមដោយក្តីមិនអស់ចិត្តរបស់ទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់ជាង ៣មុឺននាក់ ។ នៅក្នុងវគ្គទី១ ក្រុមភ្ញៀវបានទាត់បញ្ចូលទីនាំមុខមុននៅនាទី៣០ ដោយកីឡាករ Santos Almeida មុននឹងខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា តាមបានស្មើវិញនៅនាទីទី៤០ ។

យ៉ាងណាក៏ដោយ ២នាទីក្រោយមកកីឡាករ Walter Gama របស់ទីម័របានបន្ថែមមួយគ្រាប់ទៀតដើម្បីនាំមុខកម្ពុជារហូតដល់នាទីទី៩០ ទើបកីឡាករ រឹង ប៊ុនហៀង ទាត់បញ្ចូលទីយកស្មើវិញ ។ ទស្សនិកជនជាច្រើនបានលើកឡើងថា លទ្ធផលនេះ​ ពិតជាមិនទាន់អស់ចិត្តនោះទេសម្រាប់ក្រុមម្ចាស់ផ្ទះខណៈដែលគេមើលឃើញថា នៅក្នុងវគ្គទី២ កម្ពុជាបានប្តូរមកលេងបាល់ខ្លីៗវិញ ថែមទាំងបានដាក់សម្ពាធលើគូប្រកួតបានច្រើនជាងប៉ុន្តែនៅតែមិនអាចរកបានគ្រាប់បាល់ដើម្បីឈ្នះបានឡើយ ។ ជាការកត់សម្គាល់ ក្នុងការប្រកួតមិត្តភាពនេះ ក្រុមកម្ពុជាបានផ្តល់ឪកាសដល់សមាជិកថ្មីបានបង្ហាញខ្លួនដូចជា កែវ សុខសិលា, គួច ដាន និងសារ៉េត គ្រីយ៉ា ជាដើមប៉ុន្តែអវត្តមានខ្សែប្រយុទ្ធកែវ សុខផេង ដោយមិនទាន់មានការពន្យល់ណាមួយនៅឡើយពីបញ្ហានេះ ៕

អត្ថបទ៖ មករា

មតិយោបល់