កែវ សុខផេង ប្តេជ្ញាប្រឹងប្រែង ១០០% និងសប្បាយចិត្តដែលបានលេងជាមួយ មុន្នីឧត្តម និង វឌ្ឍនាកា

នូ មករា October 12, 2018


ភ្នំពេញ: កីឡាករ កែវ សុខផេង បានលើកឡើងនូវការប្តេជ្ញាចិត្តថា រូបគេនឹង​ប្រឹងប្រែង​លេង​ឲ្យ​បាន ១០០% ដើម្បី​មុខមាត់​ប្រទេស​ជាតិនៅក្នុងការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិទីម័រខាងកើតនាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ អ្វីដែលពិសេសនោះគឺខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជារូបនេះបាន​បង្ហាញ​ក្តីរីករាយ និង​ពេញ​ចិត្ត​ចំពោះវត្តមានរបស់មិត្តរួមក្រុម ២រូបទៀតគឺចាន់​​ វឌ្ឍនាកា និង​ប្រាក់ មុន្នីឧត្ដម ដែលត្រូវបានគ្រូបង្វឹកកោះហៅសម្រាប់ជំនួបមិត្តភាពនេះ ។

សមាជិកក្រុមវិសាខារូបនេះបានបន្ថែមថា៖ «សម្រាប់​ខ្ញុំ​​មាន​អារម្មណ៍​ថា សប្បាយ​ចិត្ត​នៅ​ពេល​បាន​ឮ​គ្រូ​ និង​ក្រុម​ការងារ​​កោះហៅ​ពួកគេមក​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ជុំ​គ្នា ។ ខ្ញុំ​, មុន្នីឧត្ដម និង វឌ្ឍនាកា លេង​គឺ​ស៊ីចង្វាក់​គ្នា​ ព្រោះ​ពួក​យើង​លេង​ច្រើន​ជា​មួយ​គ្នា​ក្នុង​ក្រុម​ជម្រើស​​ជាតិ»។ គួររំលឹកថា ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Keisuke Honda  ក្រុមគោព្រៃ​កម្ពុជា បានរងបរាជ័យក្នុងជំនួបជាមួយក្រុមម៉ាឡេស៊ីក្នុងលទ្ធផល ៣-១ ប៉ុន្តែពេលនោះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា មិនត្រូវបានគ្រូបង្វឹកកោះហៅនោះទេ ខណៈដែល ប្រាក់ មុន្នីឧត្ដម បានអវត្តមានដោយសាររបួស ៕

អត្ថបទៈ មករា

មតិយោបល់