គ្រូកម្ពុជាថា មានកីឡាករជម្រើសជាតិក្នុងដៃជិត ៣០នាក់ សម្រាប់ត្រៀម AFF Suzuki Cup

នូ មករា October 12, 2018


ភ្នំពេញ៖ លោក Felix Agustin Gonzalez Dalmas គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ដែលមានក្នុងដៃរបស់ខ្លួន គឺមានប្រហែល ២៨ ទៅ ២៩នាក់ សម្រាប់ត្រៀមពានរង្វាន់ AFF Suzuki Cup 2018 នាពេលខាងមុខ ។ ហេតុនេះ រាល់ពេលប្រមូលផ្ដុំ អាចនឹងមានការផ្លាស់ប្ដូរកីឡាករមួយចំនួន ដើម្បីជំរុញឲ្យមានភាពល្អប្រសើរ តាមគោលដៅរបស់អ្នកចាត់ការទូទៅថ្មី លោក Keisuke Honda ។

គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិទីម័រខាងកើត កាលពីម្សិលមិញថា សម្រាប់កីឡាករមិនត្រូវបានកោះហៅលើកនេះ ក៏ជាផ្នែកមួយរបស់ក្រុមជម្រើសជាតិដែរ ហើយពួកគេអាចនឹងត្រូវជ្រើសរើសក្នុងការប្រមូលផ្ដុំបន្ទាប់ទៀត ។ ម្យ៉ាងផ្អែកលើផែនការរបស់ក្រុមការងារគ្រូបង្វឹក ដឹកនាំដោយលោក Honda កីឡាករអាចនឹងត្រូវផ្លាស់ប្ដូរគ្រប់ពេល ដើម្បីផ្ដល់ឱកាសដល់អ្នកមានសមត្ថភាព ពោលគឺអនុវត្តមានផែនការរយៈពេល ២ឆ្នាំ ដែលលោក Honda បានសន្យាជួយដល់ក្រុមជម្រើសជាតិកម្ពុជា ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិទីម័រខាងកើត នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ក្នុងជំនួបមិត្តភាពអន្ដរជាតិ ហើយសមាសភាពកីឡាករក្រុមរហស្សនាមគោព្រៃកម្ពុជាដដែល នឹងត្រូវបន្ដជួយក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦ ខែតុលាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិដដែល ក្នុងជំនួបមិត្តភាពអន្ដរជាតិដូចគ្នា ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងចូលមកដល់នាថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់