ប្អូនប្រុសកីឡាករ គួច ដានី ជាប់ជម្រើសជាតិហ្វូតសាល U21 បារាំង!

នូ មករា October 11, 2018


បារាំង: យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កីឡាករ គួច ដានី ដែលជាសមាជិកក្រុមណាហ្គាវើលដ៍ជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៨ បានឲ្យដឹងថា ប្អូនប្រុសរបស់គេឈ្មោះ គួច ដាម៉ា (Kouch Dama) ទើបតែត្រូវបានប្រកាសជាផ្លូវការពីការជាប់ជាសមាជិកក្រុមជម្រើសជាតិហ្វូតសាល U21 បារាំងដែលនឹងត្រូវចូលរួមការប្រកួតអន្តរជាតិនាពេលឆាប់ៗនេះ ។ ស្ថាប័ន Nantes Métropole Futsal របស់បារាំងបានបញ្ជាក់ថា កីឡាកររូបនេះបានខិតខំហ្វឹកហាត់យ៉ាងស្វិតស្វាញកាលពីចុងខែកញ្ញាកន្លងទៅមុននឹងត្រូវបានជ្រើសរើសឲ្យក្លាយជាសមាជិកម្នាក់ក្នុងចំណោមកីឡាករជម្រើសទាំង ១៤នាក់ដើម្បីចូលរួមក្នុងក្រុមហ្វូតសាលជម្រើសជាតិបារាំងដោយពួកគេនឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ២លើកនាថ្ងៃទី២៣ ខែ២៤ ខែតុលាខាងមុខនេះ ។

 

គួរបញ្ជាក់ថា ចំពោះកីឡាករ គួច ដានី ក៏ធ្លាប់ជាប់ជម្រើសជាតិ U21 របស់បារាំងដែរមុនផ្លាស់មកលេងនៅក្លឹប Tri Asia នៅកម្ពុជារួចបន្តទៅក្លឹបភ្នំពេញក្រោន ស៊ីម៉ាក់ ខេមបូឌានថាយហ្គ័រ និងណាហ្គា  ។ រូបគេគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបាល់ទាត់សញ្ជាតិបារាំងខ្មែរផ្សេងទៀតដូចជា កុក បូរីស វ៉ា សុថន និងធារី ចន្ថាប៊ីន ដែលបានមកលេងក្នុងលីគកម្ពុជាតាមយ:ការត្រួសត្រាយផ្លូវពីអតីតវិរ:បុរសបាល់ទាត់ខ្មែរលោក ប៉ែន ផាត។

អត្ថបទ: មករា

មតិយោបល់