៣ចំណុចគួរឲ្យចាប់អារម្មណ៍ ក្នុងការប្រមូលផ្ដុំក្រុមជម្រើសជាតិកម្ពុជាថ្ងៃដំបូង

នូ មករា October 5, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបើកយុទ្ធនាការហ្វឹកហាត់ថ្ងៃដំបូង ដូចកាលគ្រោងទុក ដែលបានធ្វើឡើង នៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន កាលពីល្ងាចមិញ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ ។

ជាមួយនឹងការប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូង ក្រោយបង្ហាញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជាលើកទី២ គេឃើញមានសកម្មភាព ៣ចំណុចគួរឲ្យចាប់អារម្មណ៍ និងខុសប្លែកកាលពីប្រមូលផ្ដុំហ្វឹកហាត់ប្រកួតមិត្តភាពជាមួយម៉ាឡេស៊ីកាលពីពេលថ្មីៗ ទី១៖ ការប្រមូលផ្ដុំម្សិលមិញ មិនមានការចូលរួមដឹកនាំផ្ទាល់ពីសំណាក់អ្នកចាត់ការទូទៅលោក Keisuke Honda នោះទេ គឺមានត្រឹមគ្រូបង្វឹកលោក Felix Agustin Gonzalez Dalmas ប៉ុណ្ណោះ។

ទី២៖ អ្នកសារព័ត៌មានជាតិ-អន្ដរជាតិ ដែលសម្រុកផ្ដិតយកសកម្មភាពផ្សេងៗ ហើយប្រជ្រៀតគ្នាសម្ភាសន៍លោក Honda កាលពីប្រមូលផ្ដុំហ្វឹកហាត់លើកទី១ ថ្ងៃដំបូងដូចគ្នា នៅលើទីលានពហុកីឡដ្ឋានជាតិ បែរជាស្ងប់ស្ងាត់ ដោយមានអ្នកព័ត៌មានក្នុងស្រុកប្រមាណ ៦អង្គភាពប៉ុណ្ណោះចូលរួមផ្ដិតយកសកម្មភាពហ្វឹកហាត់ថ្ងៃដំបូង នៅកីឡដ្ឋាន RSN កាលពីម្សិលមិញ ។ នេះអាចបញ្ជាក់ថា វត្តមានរបស់កីឡាករលំដាប់អន្ដរជាតិ Honda មកដឹកនាំកម្ពុជា ពិតជាមានភាពទាក់ទាញមិនធម្មតានោះទេ ។

 

ទី៣៖ កីឡាករមួយចំនួន ប្រើអាវកាក់ខុសគ្នា ពិសេសកីឡាករ ចាន់ វឌ្ឍនាកា ក្រោយវិលចូលជម្រើសជាតិជាថ្មី ពេលហ្វឹកហាត់បច្ចេកទេសម្សិលមិញ គេត្រូវបានលោក Felix ឲ្យប្រើឯកសណ្ឋានខុសគេ ដោយពាក់អាវកាក់ខាងក្រៅព័ណ៌ក្រហម គ្រាដែលមិត្តរួមក្រុមដទៃ លើកលែងអ្នកចាំទី គឺពាក់កណ្ដាលប្រើអាវកាក់ព័ណ៌លឿង ហើយពាក់កណ្ដាលមិនប្រើអាវកាក់ទេ ។ ប៉ុន្ដែជុំវិញករណីនេះ លោក Felix មិនបានបញ្ជាក់ពីមូលហេតុទេ ព្រោះលោកមិនបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ដោយលោកស្នើលើកទៅសប្ដាហ៍ក្រោយ ។ តែក្នុងនោះក៏មានកីឡាករ ៣-៤នាក់ ប្រើអាវកាក់ក្រហមម្ដងម្កាលដែរ ។

គួរបញ្ជាក់ថា ការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមគោព្រៃកម្ពុជាលើកនេះ គឺមានបេសកកម្មចំពោះមុខចំនួនពីរ ដោយត្រូវជួបប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងជួបក្រុមជម្រើសជាតិសិង្ហបុរី នាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ដើម្បីត្រៀមពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងចូលមកដល់ក្នុងខែវិច្ឆិកា ខណៈកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ីជាថ្មី នៅថ្ងៃទី០៨ ខែវិច្ឆិកា បន្ទាប់ពីប្រកួតមិត្តភាពកាលពីពេលថ្មីៗ ក្រោមការដឹកនាំដំបូងរបស់លោក Honda កម្ពុជា បានចាញ់ម៉ាឡេស៊ី ៣-១ ៕

អត្ថបទ៖ បុត្រា

មតិយោបល់