ក្រុមគោព្រៃកម្ពុជា ចាប់ផ្ដើមហ្វឹកហាត់នៅ RSN ល្ងាចនេះ ប៉ុន្តែអវត្តមានកីឡាករទ័ព ៤រូប

នូ មករា October 4, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចាប់ផ្ដើមយុទ្ធនាការហ្វឹកហាត់ នាវេលាម៉ោង ៤ល្ងាចថ្ងៃព្រហស្បតិ៍នេះហើយ ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ខាងមុខ ក៏ប៉ុន្ដែការប្រមូលផ្ដុំនេះ គឺគ្មានវត្តមានកីឡាករក្រសួងការពារជាតិ ៤នាក់ រួមមាន ស ពិសិដ្ឋ, ឈិន ឈឿន, រ៉ឹង ប៊ុនហៀង និងអ្នកចាំទី អ៊ុំ វិចិត្រ នោះទេ ព្រោះពួកគេត្រូវជាប់ភារកិច្ចជួយក្លឹបត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ជាមួយក្រុមប៉ូលិសសិន ។

ប្រភពច្បាស់ការណ៍ពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា សម្រាប់ថ្ងៃដំបូង នៃការប្រមូលផ្ដុំហ្វឹកហាត់ក្រុមរហស្សនាមគោព្រៃកម្ពុជានេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Keisuke Honda នេះ នឹងធ្វើឡើងនៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន ប៉ុន្ដែមិនមានវត្តមានរបស់កីឡាករក្លឹបក្រសួងការពារជាតិនោះទេ ដោយសារពួកគេត្រូវហ្វឹកហាត់ជាមួយក្លឹប ត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី០៦ ខែតុលាចុងសប្ដាហ៍នេះ ពោលគឺក្រោយចប់ ហើយនៅថ្ងៃបន្ទាប់ទើបពួកគេវិលចូលហាត់ជាមួយក្រុមជម្រើសជាតិ ។

គួរបញ្ជាក់ថា ការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាលើកនេះ គឺដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិក្នុងដីចំនួន ២ប្រកួត ក្នុងនោះថ្ងៃទី១២ ខែតុលា ត្រូវជួបក្រុមជម្រើសជាតិទីម័រខាងកើត និងថ្ងៃទី១៦ ខែតុលា ត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតពានផ្លូវការ គឺព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងចាប់ផ្ដើមនាដើមខែវិច្ឆិកា ខណៈកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិម៉ាឡេស៊ី បើកឆាកពូលA មុនគេ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់