ទ័ព ស៊ីប៉ូលិសផុយក្នុងលីគ ចុះប៉ះគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup ថ្ងៃសៅរ៍នេះ?

នូ មករា October 4, 2018


ភ្នំពេញ៖ សល់ពេល ២ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ នឹងចូលមកដល់ហើយ ដោយក្រុមក្រសួងការពារជាតិ(ទ័ព) ត្រូវជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៦ ខែតុលាចុងសប្ដាហ៍នេះ នៅទីលានពហុកីឡដ្ឋានជាតិ ។ ចាំមើលតើក្រុមណា នឹងលើកពានប្រមុខថ្នាក់ដឹកនាំប្រទេសមួយនេះ ខណៈជួបគ្នា ២លើកចុងក្រោយក្នុងលីគកំពូល ទ័ព បានលត់ប៉ូលិស យ៉ាងចាស់ដៃទាំងក្នុងដី និងក្រៅដី?

នេះគឺជាលើកដំបូង ដែលក្រុមទាំងពីរ បានជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup ប៉ុន្ដែមិនមែនជាលើកទី១ ដែលក្រុមទ័ព និងប៉ូលិស ជួបគ្នានោះទេ ហើយលទ្ធផលក៏មានឈ្នះ-ចាញ់ទៅវិញទៅមកផងដែរ ។ ជាក់ស្ដែងធ្លាប់ជួបគ្នា ២ដងក្នុងវគ្គ ១/៤ នៃពានសម្ដេចនេះ កាលពីឆ្នាំ២០១៣ ទ័ពបានយកឈ្នះ ២-០ និងឆ្នាំ២០១៤ ក្រុមប៉ូលិស បានយកឈ្នះ ២-១ វិញជាដើម ។ ប៉ុន្ដែបើក្រឡេកមកចាប់អារម្មណ៍លទ្ធផល ទើបជួបគ្នាថ្មីៗ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នេះ ទ័ពហាក់មានប្រៀបជាងប៉ូលិស ដោយឈ្នះទាំង ២ជើង ក្នុងលទ្ធផល ៤-០ និង ៣-១ ។

ដោយឡែកលោក ភា សុភ័ក្ដ្រា គ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ ក៏ហាក់គ្មានក្ដីបារម្ភ ចំពោះការប្រកួតដ៏សំខាន់នេះដែរ ដោយសារលោកជឿជាក់លើកូនក្រុមខ្លួន ក្រោយឆ្លងកាត់ការប្រកួតធំៗជាច្រើន នៅចុងរដូវកាល ហើយសុទ្ធតែធ្វើបានល្អ ។ តួយ៉ាងចាប់ពីវគ្គ ១៦ក្រុមចុងក្រោយ នៃពានសម្ដេច ទ័ពបានជួបសុទ្ធតែក្រុមខ្លាំង ដូចជាអាស៊ីអឺរ៉ុប ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលជាដើម ដែលហាក់ពិបាកជាងក្រុមប៉ូលិស ព្រោះប៉ូលិស ជួបក្រុមមានកម្រិតមធ្យមជាងគូប្រជែងរបស់ខ្លួន ។ ត្រង់ចំណុចនេះ លោកជឿជាក់ថា ទ័ពមានក្ដីរំពឹងខ្ពស់ ក្នុងារយកឈ្នះប៉ូលិស ដើម្បីលើកពានប្រើប្រាស់ធនធានកីឡាករក្នុងស្រុកមួយនេះ ។

គួរបញ្ជាក់ថា ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រសម្ដេចតេជោ ហ៊ុន សែន ដើម្បីរកក្រុមជើងឯកឆ្នាំ២០១៨ នេះ ក៏មានការលក់សំបុត្រដែរ ជាមួយតម្លៃ ៥,០០០រៀល និង ៣,០០០រៀល ។ ប៉ុន្ដែរាល់ការទិញសំបុត្រ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងកាត់ថវិកា ១,០០០រៀល សម្រាប់បរិច្ចាគជូនមុន្ទីរពេទ្យគន្ធបុប្ឋា ដើម្បីរួមចំណែកជួយដល់សង្គម ។ មិនតែប៉ុណ្ណោះ ក៏មានការចូលរួមប្រគំតន្ដ្រី និងសម្ដែង ដោយតារាងចម្រៀនសម័យលោក G-DAVIT, កញ្ញា ទេព បូព្រឹក្ស និងក្រុមរបាំអប្សរាផងដែរ ៕ អត្ថបទ៖ បុត្រា

មតិយោបល់